អ.ស.ប ៖ អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទបានប្រកាសទារលុយដែលសហរដ្ឋអាមេរិកជំពាក់ជិត ៤ ពាន់លានដុល្លារដើម្បីយកទ្រទ្រង់ស្ថាប័នអន្តរជាតិមួយនេះ ។
ការប្រកាសនេះកើតមានឡើងមួយសប្ដាហ៍ បន្ទាប់ពីប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres ព្រមានថា ស្ថាប័នពិភពលោកមួយនេះប្រឈមនឹងការដួលរលំផ្នែកហិរញ្ញវត្ថុ ក្រោយពេលដែលប្រទេសសមាជិកទាំង ១៩៣ មិនព្រមបង់ថ្លៃកាតព្វកិច្ចតាមការសន្យា ។
បើតាមកាសែត Politico, នេះគឺជាជាសារមួយតម្រង់ទៅកាន់សហរដ្ឋអាមេរិក ដោយសារតែ ៩៥ ភាគរយនៃប្រាក់ជំពាក់សរុបគឺស្ថិតក្នុងដៃរបស់សហរដ្ឋអាមេរិក ។
លោក Stephane Dujarric អ្នកនាំពាក្យអង្គការសហប្រជាជាតិនិយាយថា ប្រមុខអង្គការសហប្រជាជាតិ លោក Guterres បានទាក់ទងជាមួយលោក Mike Waltz ដែលជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ អស់មួយរយៈមកហើយ ដើម្បីទន្ទឹងរង់ចាំមើលថាតើនៅពេលណាទើបមានការទូទាត់ថវិកាមកកាន់អង្គការសហប្រជាជាតិ ។
បើតាមអ្នកនាំពាក្យដដែល, អាមេរិកជំពាក់ជាង ២ ពាន់លានដុល្លារ សម្រាប់ប្រតិបត្តិការធម្មតារបស់អង្គការសហប្រជាជាតិ និង ១,៨០០ លានដុល្លារទៀត សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព ។
ឆ្លើយតបនឹងរឿងនេះ លោក Mike Waltz ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំ អង្គការសហប្រជាជាតិ អះអាងថា រដ្ឋបាលលោក Trump គ្រោងនឹងធ្វើការបង់ប្រាក់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ខាងមុខ ប៉ុន្តែក៏នឹងកំណត់ចំនួន ដែលត្រូវបង់ផងដែរ ។
ក្រៅពីអាមេរិក, ប្រទេសដែលជំពាក់អង្គការសហប្រជាជាតិ ច្រើនជាងគេ ទី២ គឺ វេណេស៊ុយអេឡា ដែលមានចំនួន ៣៨ លានដុល្លារ ៕
ប្រភពពី politico

Leave a Reply