អារ៉ាប៊ីសាអ៊ូឌីត និងកាតា កំពុងព្យាយាមបន្ធូរបន្ថយជម្លោះរវាង អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន

ប្រភពព័ត៌មានដែលដឹងពីកិច្ចចរចាបាននិយាយកាលពីថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងកាតា កំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាដ៏បង្ហូរឈាមរវាងប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន។ ការជំរុញផ្នែកការទូតធ្វើឡើង ខណៈការព្រួយបារម្ភពីជម្លោះកំពុងកើនឡើង បន្ទាប់ពីប៉ាគីស្ថាន បានទម្លាក់គ្រាប់បែកលើទីក្រុងធំៗនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយប្រកាសថាខ្លួនស្ថិតក្នុង «សង្គ្រាមបើកចំហ» ជាមួយក្រុមតាលីបង់។ ប្រតិបត្តិការពេញមួយយប់ គឺជាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំបំផុតរបស់ប្រទេសប៉ាគីស្ថានទៅលើរដ្ឋធានីរបស់ប្រទេសអាហ្វហ្គានីស្ថាន និងជាការវាយប្រហារតាមអាកាសលើកដំបូងរបស់ខ្លួនទៅលើមូលដ្ឋានភាគខាងត្បូងរបស់អាជ្ញាធរតាលីបង់ ចាប់តាំងពីក្រុមនេះបានវិលត្រឡប់ទៅកាន់អំណាចវិញក្នុងឆ្នាំ ២០២១។ ប្រភពដដែលបាននិយាយថា «ប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្នុងការសហការជាមួយប្រទេសកាតា កំពុងខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន» ។ គោលដៅគឺដើម្បី «បន្ធូរបន្ថយស្ថានភាព និងទប់ស្កាត់ការរាលដាលហួសពីការគ្រប់គ្រង»។

ប្រភពដដែលបាននិយាយថា «ទីក្រុងរីយ៉ាដ និងទីក្រុងដូហា បានជួបសន្ទនាគ្នាក្នុងកម្រិតខ្ពស់បំផុតជាមួយភាគីជម្លោះទាំងពីរ ហើយសង្ឃឹមថាការប្រឈមមុខដាក់គ្នានឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ»។ ប្រតិបត្តិការចុងក្រោយរបស់ប្រទេសប៉ាគីស្ថាន បានធ្វើឡើងបន្ទាប់ពីកងកម្លាំងអាហ្វហ្គានីស្ថាន បានវាយប្រហារកងទ័ពនៅព្រំដែនប៉ាគីស្ថានកាលពីយប់ថ្ងៃព្រហស្បតិ៍ ដើម្បីសងសឹកចំពោះការវាយប្រហារតាមអាកាសកាលពីពេលមុនធ្វើឡើងដោយទីក្រុងអ៊ីស្លាម៉ាបាដ។