ប្រភពមន្ត្រីអាមេរិកមួយចំនួនបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃចន្ទ (៣០ មីនា) ថា ទាហានរាប់ពាន់នាក់មកពីកងពលទ័ពអាកាសឆត្រយោងលេខ៨២ ដែលជាកងពលសម្រាំងរបស់កងទ័ពជើងគោកអាមេរិក ចាប់ផ្តើមធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ាហើយ ខណៈលោកប្រធានាធិបតី Donald Trump កំពុងពិចារណាលើជំហានបន្ទាប់របស់លោកក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។
សារព័ត៌មានរ៉យទ័របានរាយការណ៍ជាលើកដំបូងកាលពីថ្ងៃទី១៨ ខែមីនាថា រដ្ឋបាលលោក Trump កំពុងពិចារណាដាក់ពង្រាយទ័ពអាមេរិកបន្ថែមរាប់ពាន់នាក់ទៅមជ្ឈិមបូព៌ា ដែលជាចំណាត់ការមួយនឹងពង្រីកជម្រើសផ្សេងៗ រួមទាំងការដាក់ពង្រាយកម្លាំងទ័ពជើងគោកចូលក្នុងទឹកដីអ៊ីរ៉ង់ផងដែរ។
កងទ័ពឆត្រយោងដែលមានមូលដ្ឋាននៅបន្ទាយ Fort Bragg រដ្ឋ North Carolina ទាំងនេះ នឹងមានវត្តមានបន្ថែមពីលើកងម៉ារីន កងទ័ពជើងទឹក និងកងកម្លាំងប្រតិបត្តិការពិសេសរាប់ពាន់នាក់ផ្សេងទៀត ដែលត្រូវបានបញ្ជូនទៅកាន់តំបន់នោះរួចទៅហើយ។ កាលពីចុងសប្តាហ៍កន្លងទៅ កងម៉ារីនប្រហែល ២.៥០០ នាក់ បានធ្វើដំណើរទៅដល់មជ្ឈិមបូព៌ា។
មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះទាំងនោះ មិនបានបញ្ជាក់ជាក់លាក់ឡើយថា តើកម្លាំងបន្ថែមត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងណានោះទេ ប៉ុន្តែជំហាននេះត្រូវបានរំពឹងទុកជាមុនរួចទៅហើយ។ ទាហានជើងគោកបន្ថែមទាំងនេះ រួមមានសមាសភាគនៃទីបញ្ជាការកងពលទ័ពអាកាសឆត្រយោងលេខ៨២ កម្លាំងផ្នែកភស្តុភារ និងផ្នែកគាំទ្រផ្សេងទៀត ព្រមទាំងក្រុមប្រយុទ្ធកម្រិតកងពលតូចមួយក្រុមផងដែរ។
ប្រភពមួយបានឱ្យដឹងថា មិនទាន់មានការសម្រេចចិត្តណាមួយក្នុងការបញ្ជូនទ័ពជើងគោកចូលទៅក្នុងទឹកដីអ៊ីរ៉ង់នៅឡើយទេ ប៉ុន្តែយោធាអាមេរិកនឹងពង្រឹងសមត្ថភាពសម្រាប់ប្រតិបត្តិការដែលអាចកើតមាននាពេលអនាគតនៅក្នុងតំបន់៕

Leave a Reply