ប្រធានាធិបតីតៃវ៉ាន់ ៖ កោះនេះនឹងគ្មានថ្ងៃធ្វើជារបស់បូជា ឬការជួញដូរឡើយ
តៃប៉ិ ៖ ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បានសង្កត់ធ្ងន់កាលពីថ្ងៃ អាទិត្យ ថា កោះតៃវ៉ាន់នឹងគ្មានថ្ងៃធ្វើជារបស់បូជា ឬការជួញដូរឡើយ ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ Fox News កាលពីសប្តាហ៍មុន បាននិយាយថា រូបលោកមិនចង់ឃើញកោះតៃវ៉ាន់ប្រកាសឯករាជ្យឡើយ ហើយអាមេរិកក៏នឹងមិនហោះជាង ១៥,២៨៩ គីឡូម៉ែត្រ ដើម្បីជួយធ្វើសង្គ្រាមតៃវ៉ាន់ដែរ ។ ហេតុនេះ សូមភាគីចិន និងកោះតៃវ៉ាន់ បន្ថយកម្តៅជាមួយគ្នា ។
យ៉ាងណា លោកប្រធានាធិបតី Lai បានបង្ហោះសារលើ Facebook កាលពីថ្ងៃ អាទិត្យ ដោយលោកបានអះអាងច្បាស់ៗថា ការរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ គឺជាការឯកភាពគ្នាយ៉ាងទូលំទូលាយ និងជាផលប្រយោជន៍រួមរបស់តៃវ៉ាន់ សហរដ្ឋអាមេរិក និងប្រទេសប្រជាធិបតេយ្យទាំងអស់ជុំវិញពិភពលោកជាយូរមកហើយ ។
មេដឹកនាំតៃវ៉ាន់រូបនេះបន្តថា អធិបតេយ្យភាពរបស់តៃវ៉ាន់ នឹងមិនអាចរងការរំលោភបំពាន ឬដាក់បញ្ចូលជាឧបសម្ព័ន្ធឡើយ ហើយអនាគតរបស់តៃវ៉ាន់គួរតែត្រូវបានសម្រេចដោយប្រជាជនរបស់ខ្លួនផ្ទាល់ ។
លោក Lai ដែលមានវ័យ៦៦ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ការបន្តលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យតៃវ៉ាន់ និងការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខតៃវ៉ាន់-អាមេរិក គឺជារឿងចាំបាច់ និងជាធាតុផ្សំសំខាន់ ក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ។
បើតាម Anadolu,

Leave a Reply