សេចក្តីសម្រេចប្រឆាំងការទុកចិត្តលើ Google អាចឱ្យ Apple ខាតប្រាក់ ២០ពាន់លានដុល្លារ

កិច្ចព្រមព្រៀងរកប្រាក់ចំណូលរបស់ក្រុមហ៊ុនស្មាតហ្វូន អេបផល (Apple) ជាមួយក្រុមហ៊ុនបច្ចេកវិទ្យា ហ្គូលហ្គល (Google) អាចស្ថិតនៅក្រោមការគំរាមកំហែង បន្ទាប់ពីចៅក្រមសហរដ្ឋអាមេរិក បានសម្រេចថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ អាល់ហ្វាបេត (Alphabet) មួយនេះកំពុងប្រតិបត្តិការផ្តាច់មុខដោយខុសច្បាប់លើប្រព័ន្ធស្វែងរក។

ក្រុមអ្នកវិភាគនៅស្ថាប័នទីផ្សារ វ៉លស្រ្ទីត (Wall Street) បាននិយាយកាលពីថ្ងៃអង្គារ (០៦ សីហា) ថា មធ្យោបាយដោះស្រាយដ៏មានសក្តានុពលសម្រាប់ Google ដើម្បីជៀសវាងពីច្បាប់ប្រឆាំងនឹងការទុកចិត្តនេះ អាចពាក់ព័ន្ធនឹងការបញ្ចប់កិច្ចព្រមព្រៀង ដែលធ្វើឱ្យម៉ាស៊ីនស្វែងរករបស់ខ្លួនក្លាយជម្រើសទីមួយនៅលើប្រព័ន្ធ Apple ។

Google បង់ប្រាក់ឱ្យ Apple ចំនួន ២០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ឬប្រហែល ៣៦ភាគរយនៃអ្វីដែលខ្លួនរកបានពីការផ្សាយពាណិជ្ជកម្មស្វែងរកតាមរយៈកម្មវិធីរុករក សាហ្វារី (Safari) សម្រាប់ឯកសិទ្ធិនេះ នេះបើយោងតាមអ្នកវិភាគ ដែលបានប៉ាន់ប្រមាណថា ប្រសិនបើកិច្ចព្រមព្រៀងត្រូវលុបចោល ក្រុមហ៊ុនផលិតទូរសព្ទ អាយហ្វូន (iPhone) មួយនេះអាចរងផលប៉ះពាល់ពី ៦ទៅ ៦ភាគរយលើចំណូលរបស់ខ្លួន។

កិច្ចព្រមព្រៀងនោះដំណើរការរហូតដល់យ៉ាងហោចណាស់ខែកញ្ញា ឆ្នាំ២០២៦ ហើយ Apple មានសិទ្ធិបន្តជាឯកតោភាគីរយៈពេល ២ឆ្នាំទៀត នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងខែឧសភា ដែលបានដកស្រង់ឯកសារដែលដាក់ដោយក្រសួងយុត្តិធម៌ក្នុងសំណុំរឿងប្រឆាំងការទុកចិត្ត។

ទោះយ៉ាងណាក៏ដោយ ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានលុបចោល Apple នឹងនៅតែមានជម្រើសជាច្រើនទៀត រួមទាំងការផ្តល់ជម្រើសជំនួសជូនអតិថិជនលើប្រព័ន្ធស្វែងរក ដូចជា ម៉ៃក្រូសូហ្វ ប៊ីង (Microsoft Bing) ឬប្រព័ន្ធស្វែងរកថ្មីដែលដំណើរការដោយ អូផេន អេអាយ (OpenAI)។ អ្នកវិភាគយល់ស្របថា សេចក្តីសម្រេចនេះនឹងពន្លឿនការផ្លាស់ប្តូររបស់ Apple ឆ្ពោះទៅរកសេវាកម្មស្វែងរកដែលដំណើរការដោយបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិត AI៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *