លោក Biden ពុំមានទំនុកចិត្តលើការផ្ទេរអំណាចដោយសន្តិវិធីទេ បើលោក Trump ចាញ់ឆ្នោត

លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃពុធ (០៧ សីហា) ថា លោកមិនមានទំនុកចិត្តលើការផ្ទេរអំណាចដោយសន្តិវិធីនៅក្នុងសហរដ្ឋអាមេរិកនោះទេ ប្រសិនបើលោក ដូណាល់ ត្រាំ (Donald Trump) បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ចាញ់ការបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា ខាងមុខនេះ។

នៅពេលត្រូវសាកសួរថា តើលោកគិតថានឹងមានការផ្ទេរអំណាចដោយសន្តិវិធីឬទេ បន្ទាប់ពីការបោះឆ្នោត លោក Biden បានឆ្លើយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ស៊ីប៊ីអេស ញូវស៍ (CBS News) ថា «ប្រសិនបើលោក Trump ចាញ់ ខ្ញុំមិនជឿជាក់លើរឿងនោះទាល់តែសោះ»។ លោក Biden បន្ថែមថា «Trump មិននិយាយលេងទេនៅពេលដែលលោកថា ប្រសិនបើចាញ់ឆ្នោត នឹងមានការបង្ហូរឈាម»។

អំឡុងពេលនៃការបង្ហាញខ្លួនក្នុងយុទ្ធនាការខែមីនា នៅរដ្ឋ អូហាយអូ (Ohio) លោក Trump បានព្រមានអំពី «ការបង្ហូរឈាម» ប្រសិនបើលោកបរាជ័យក្នុងការបោះឆ្នោត។ នៅពេលនោះ លោក Trump កំពុងពិភាក្សាអំពីតម្រូវការដើម្បីការពារឧស្សាហកម្មរថយន្តរបស់សហរដ្ឋអាមេរិកពីការប្រកួតប្រជែងនៅក្រៅប្រទេស ហើយក្រោយមកលោក Trump បាននិយាយថា លោកនិយាយពីការបង្ហូរឈាមនោះគឺសំដៅទៅលើឧស្សាហកម្មរថយន្តប៉ុណ្ណោះ។

គួររម្លឹកថា លោក Trump ធ្លាប់បានអះអាងដោយមិនពិតថាលោកបានឈ្នះការបោះឆ្នោតឆ្នាំ២០២០ ប្រឆាំងនឹងលោក Biden ហើយត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌនៅទីក្រុងវ៉ាស៊ីនតោន និងរដ្ឋ ចចា (Georgia) ពីបទព្យាយាមដោយខុសច្បាប់ដើម្បីបង្វែរលទ្ធផលឆ្នោត៕