កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទប្រកាសកម្ទេចចោលរាល់ការញុះញងទាំងឡាយណាដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

នាយទាហានពលទាហាន នៃអគ្គបញ្ជាការ ក្រសួងការពារជាតិ និងនាយនគរបាល ពល​នគរបាល​របស់​អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃទាំងអស់ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស​យ៉ាង​ដាច់អហង្ការ ចំពោះក្រុមជ្រុលនិយមមួយក្តាប់តូច ដែលបានញុះញង់ឲ្យពលរដ្ឋ និង​កងកម្លាំងធ្វើការឲ្យ ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ និង​ប្រកាស​កម្ចាត់​ចោល​ភ្លាម​រាល់​ឧបា​យកលរបស់ជនក្បត់ជាតិ និងក្រុមជ្រុលនិយម​ទាំង​នោះ​ឲ្យ​ខាង​តែ​បាន​ដោយ​គ្មាន​ការលើក​លែង​នោះ​ឡើយ។

តាមរយៈសេចក្តីថ្លែងការណ៍របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចេញដាច់ដោយ ឡែក​ពី​គ្នាជាបន្តបន្ទាប់នេះ គឺបានធ្វើឡើងដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ក្រុម​ប្រឆាំង​ជ្រុល​និយម​មួយ​ក្តាប់​តូច​ដែល កំពុងរត់ចោលស្រុក ហើយបានធ្វើការញុះញងឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ និងកង​កម្លាំង​ប្រដាប់​អាវុធ​ទាំង អស់ធ្វើការបះបោរ​ប្រឆាំង​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​។

តាមរយៈសេចក្តីថ្លែងការណ៍របស់គ្រប់អង្គភាពទាំងអស់ ដែលចំណុះឲ្យកងយោធពលខេមរភូមិន្ទ ក្រសួង​ការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបញ្ជាក់​ថា​ក្នុង​រយៈ​ពេល​ថ្មី​ៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច នៅក្រៅប្រទេសបានអំពាវនាវ និង​បំផុស​ញុះ​ញង​ឲ្យ​ប្រជាពលរដ្ឋ​ និង​កង​កម្លាំ​ង​ប្រដាប់​អាវុធ​ធ្វើ​ការ​បះបោរ​ប្រឆាំង​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​កើត​ចេញ​ពីការបោះឆ្នោត ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិតបំផ្លាញប្រទេសកម្ពុជា ដែល​កំពុង​មាន​សន្តិភាពពេញលេញ និង ការអភិវឌ្ឍ។

ក្នុងន័យនេះកងកម្លាំងប្រដាប់អាវុធទាំងអស់«សូមប្រកាសជាឱឡារិកថា នៅតែ​ឈរ​ជាមួយ​មជ្ឈ​មណ្ឌល​សាមគ្គី​ឯកភាពផ្ទៃក្នុងរឹងមាំ គោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ជាកម្លាំងស្មោះត្រង់ដាច់ខាត និង​ជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា»។

តាមរយៈសេចក្តីថ្លែងការណ៍របស់កងកម្លាំងប្រាប់អាវុធគ្រប់ប្រភេទដដែល ក៏បានប្រកាសអះអាង ទៀត​ថា​ពួកគេប្តេជ្ញារក្សាការពារឲ្យខាងតែបាននូវសុខសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់​ធ្នាប់​សាធារណៈ ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ ហើយថាការញុះញង់​ប៉ុនប៉ង​បង្ក​ចលាចល​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាលស្របច្បាប់ ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់ និងប្តេជ្ញាថា នឹងចាត់វិធានការ បង្រ្កាប និងកម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនាបំផ្លាញជាតិ បំផ្លាញ​សន្តិភាព បង្កវិទ្ធស្សនាផ្សេងៗ ក្នុងគោលបំណង​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ទោះ​រូប​ភាព​ណា​ក៏ដោយនោះ៕ អត្ថបទ បាន ចក់