សម្ដេចតេជោ អំពាវនាវដល់បងប្អូននៅក្នុង«ក្រុមរួបរួម​ដើម្បីជាតិ»ឈប់ចាញ់កលការញុះញង់ចង់ផ្ដួលរំលំរដ្ឋាភិបាល

ភ្នំពេញ ៖ តាមរយៈសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនក្រុមបង្កើតចលនាប្រឆាំង កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៤នេះ សម្ដេចតេជោ បានអំពាវនាវដល់ អំពាវនាវដល់បងប្អូននៅក្នុង «ក្រុមរួបរួមដើម្បីជាតិ» ឈប់ចាញ់កលការញុះញង់ចង់ផ្ដួលរំលំរដ្ឋាភិបាល ពីព្រោះអាចនឹងប្រឈមមុខចំពោះច្បាប់ជាធរមាន។

​សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ពាក្យដែលថាផ្ដួលរំលំក្រៅប្រព័ន្ធដំណើរការប្រជាធិបតេយ្យ គឺស្នើនឹងការធ្វើរដ្ឋប្រហារមួយ ដូច្នេះរាជរដ្ឋាភិបាលមិនអាចយោគយល់លើទង្វើខុសច្បាប់នេះបានជាដាច់ខាត។

សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ថា ផែនការធ្វើបាតុកម្មរបស់ពួកក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនោះ ដែលប្រុងនឹងផ្ដួលរំលំរាជរដ្ឋាភិបាល និងអំពាវនាវឱ្យកម្លាំងប្រដាប់អាវុធបែកាណុង ដើម្បីផ្ដួលរាជរដ្ឋាភិបាល សូមបញ្ឈប់ទៅ ហើយគ្រោងការទាំងឡាយដែលក្រុមធ្វើបាតុកម្ម និងផ្ដួលរំលំរាជរដ្ឋាភិបាលនេះ គឺរាជរដ្ឋាភិបាលបានកំណត់មុខសញ្ញាអស់ហើយ បើសិនជានៅតែបន្តធ្វើនោះនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ជាធរមានជាមិនខាន។

តាមរយៈសារដដែលនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ដល់បងប្អូននៅក្នុង «ក្រុមរួបរួមដើម្បីជាតិ» ឱ្យចង់ចាំថា ពួកអ្នកចង់ផ្ដួលរំលំរាជរដ្ឋាភិបាល ក៏ប៉ុន្ដែរាជរដ្ឋាភិបាលក៏មានកាតព្វកិច្ច ដើម្បីការពារនូវរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីរាជរដ្ឋាភិបាលនោះការពារប្រជាជនជាបន្តទៀត៕