អ៊ុយក្រែន អះអាងយកបានផ្នែកខ្លះនៃតំបន់ Kursk ខណៈនាំយកសង្រ្គាមទៅក្នុងទឹកដីរុស្ស៊ីវិញ

អ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទ (១២ សីហា) ថា ការវាយលុកឆ្លងព្រំដែនដ៏ធំបំផុតរបស់ខ្លួននៃសង្រ្គាម បានដណ្តើមយកទឹកដីទំហំ ១.០០០គីឡូម៉ែត្រក្រឡានៃតំបន់ ឃើស្ក៍ (Kursk) របស់រុស្ស៊ី ខណៈអ៊ុយក្រែនកំពុងប្រឹងប្រែងនាំយកសង្រ្គាមចូលទៅក្នុងទឹកដីរុស្ស៊ីវិញ។

ដោយរុស្ស៊ីនៅតែបន្តខិតខំទប់ទល់យ៉ាងលំបាកនឹងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយសប្តាហ៍មកនេះ មេបញ្ជាការកំពូលរបស់អ៊ុយក្រែន លោក អូឡេកសានដឺ ស៊ីស្គី (Oleksandr Syrskyi) បានរាយការណ៍ពីស្ថានភាពសមរភូមិប្រាប់លោកប្រធានាធិបតី វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) តាមរយៈការហៅវីដេអូ ហើយបាននិយាយថា ការវាយរុលចូលទៅក្នុងទឹកដីរុស្ស៊ីកំពុងបន្ត។

លោកបានផ្តល់នូវព័ត៌មានលម្អិតផ្សេងទៀត ដោយបន្តយុទ្ធសាស្រ្តនៃភាពស្ងៀមស្ងាត់របស់ទីក្រុងគីវ ដែលផ្ទុយស្រឡះជាមួយនឹងការវាយបកកាលពីឆ្នាំមុនដែលត្រូវបានគេដឹងលឺច្រើនខែជាមុន ហើយដែលត្រូវបានជាប់គាំងនៅលើខ្សែការពាររបស់រុស្ស៊ី។

លោក Syrskyi បាននិយាយប៉ុន្មានម៉ោងបន្ទាប់ពីលោក អាឡិចស៊ី ស្មឺនូវ (Alexei Smirnov) អភិបាលតំបន់ស្តីទីរបស់រុស្ស៊ីនៃតំបន់ Kursk បានប៉ាន់ប្រមាណថា កងកម្លាំងរបស់ទីក្រុងគីវ បានគ្រប់គ្រងតំបន់តាំងទីលំនៅចំនួន ២៨កន្លែងនៅក្នុងការលុកលុយដែលមានបណ្ដោយប្រហែល ១២គីឡូម៉ែត្រនិងទទឹង ៤០គីឡូម៉ែត្រ។

ទោះបីជាការប៉ាន់ប្រមាណរបស់លោក Syrkyi តិចជាងពាក់កណ្តាលនៃការអះអាងរបស់អ៊ុយក្រែនក៏ដោយ ក៏ការលើកឡើងរបស់ Smirnov នេះគឺជាការទទួលស្គាល់ជាសាធារណៈនូវការចាញ់ប្រៀបដ៏ធំរបស់រុស្ស៊ី ក្នុងពេលជាង ២៩ខែចាប់តាំងពីខ្លួនបានចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំលើប្រទេសជិតខាងមួយនេះ៕