កងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ ព្រមានពីការសងសឹក «គ្មានដែនកំណត់» ប្រសិនបើអាមេរិក វាយប្រហារអ៊ីរ៉ាក់ ឬអ៊ីរ៉ង់

ក្រុមកងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ បានព្រមានសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទអំពីការសងសឹក «គ្មានដែនកំណត់” ប្រសិនបើប្រទេសនេះ វាយប្រហារអ៊ីរ៉ាក់ ឬអ៊ីរ៉ង់នោះ។

គណៈកម្មាធិការសម្របសម្រួលការតស៊ូរបស់អ៊ីរ៉ាក់ (IRCC) តំណាងឲ្យក្រុមអ្នកតស៊ូឥស្លាមនៅអ៊ីរ៉ាក់ បាននិយាយថា ខ្លួននឹងមិនត្រូវបានរារាំងដោយការដាក់កម្រិតណាមួយឡើយ ប្រសិនបើកងកម្លាំងសហរដ្ឋអាមេរិក តម្រង់គោលដៅលើបុគ្គលិកអ៊ីរ៉ាក់ ឬប្រើប្រាស់ដែនអាកាសអ៊ីរ៉ាក់ ដើម្បីវាយប្រហារអ៊ីរ៉ង់។

ការគម្រាមកំហែងនេះ កើតឡើង ស្របពេលមានភាពតានតឹងក្នុងតំបន់ កើនឡើង ដោយអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តបានសន្យាសងសឹកចំពោះការសម្លាប់នាពេលថ្មីៗនេះរបស់ប្រធានការិយាល័យនយោបាយហាម៉ាស លោក អ៊ីស្មេល ហានីយេ ( Ismail Haniyeh) នៅទីក្រុងតេអេរ៉ង់ និងមេបញ្ជាការហេសបូឡា លោក Fouad Shokor ក្នុងទីក្រុងបេរូតដែលទាំងពីរ បានកើតឡើង នៅចុងខែកក្កដា។

ជាការឆ្លើយតបទៅនឹងការគំរាមកំហែង ដែលកំពុងកើនឡើងនេះ ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ខ្លួនប្តេជ្ញាការពារអ៊ីស្រាអែល ប្រសិនបើជម្លោះដ៏ធំមួយ កើតឡើង ហើយកំពុងបញ្ជូន «កងទ័ពបន្ថែមទៀត និងគ្រឿងយុទ្ធោបករណ៍បន្ថែមទៅកាន់មជ្ឈិមបូព៌ា»។