លោក Biden ហៅការវាយលុកចូលរបស់អ៊ុយក្រែនថា ជាទ្វេគ្រោះពិតប្រាកដសម្រាប់លោក Putin

លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃអង្គារទី ១៣ ខែសីហាថា ការលុកលុយយោធារបស់អ៊ុយក្រែនចូលទៅក្នុងប្រទេសរុស្ស៊ី បានបង្កើតជាទ្វេគ្រោះពិតប្រាកដសម្រាប់លោកប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយបន្ថែមថាក្រុមមន្ត្រីអាមេរិកកំពុងតាមដានស្ថានការយ៉ាងដិតដល់ចំពោះសកម្មភាពរបស់អ៊ុយក្រែន។

មួយសប្តាហ៍បន្ទាប់ពីទាហានអ៊ុយក្រែនប្រហែល ១.០០០នាក់ បានឆ្លងព្រំដែនរុស្ស៊ីកាលពីព្រឹកព្រលឹមថ្ងៃទី ៦ខែសីហា អមដោយរថក្រោះ និងរថពាសដែក ក្រុមមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ពួកគេនៅតែស្វែងរកដើម្បីសិក្សាពីអ្វីដែលអ៊ុយក្រែនចង់សម្រេចបានជាមួយនឹងការលុកលុយរបស់ខ្លួន។

ខណៈកំពុងឆ្លើយសំណួររបស់អ្នកសារព័ត៌មានពេលមកដល់ទីក្រុង New Orleans លោក Biden បាននិយាយថា លោកត្រូវបានគេផ្ដល់សេចក្ដីរាយការណ៍រៀងរាល់ ៤ ទៅ ៥ ម៉ោង ម្ដងសម្រាប់រយៈពេល ៦ ទៅ៨ ថ្ងៃចុងក្រោយអំពីសកម្មភាពរបស់អ៊ុយក្រែន។

លោកបាននិយាយនៅក្នុងការអត្ថាធិប្បាយសំខាន់ៗដំបូងរបស់លោកអំពីប្រតិបត្តិការនេះថា ស្ថានការណ៍នេះ កំពុងបង្កើតភាពទ្វេគ្រោះ ឬការលំបាកខ្លាំងយ៉ាងពិតប្រាកដសម្រាប់លោក Putin ។

សហរដ្ឋអាមេរិកបានផ្តល់សព្វាវុធតម្លៃរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន ភាគច្រើនសម្រាប់គោលបំណងការពារ ខណៈអ៊ុយក្រែនព្យាយាមវាយបកការឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈឆ្នាំ២០២២ ៕