តើមានអ្វីកើតឡើងក្នុងនយោបាយថៃ ក្រោយពីលោកស្រ្តេតថា ថាវីស៊ីន របូតរលូតទៅហើយនោះ?

ថៃឡង់ដ៍៖ តើមានអ្វីអាចនឹងកើតមានឡើងបន្តទៀត បន្ទាប់ពីលោក ស្រ្តេតថា ថាវីស៊ីន ត្រូវបានគេបណ្តេញចេញពីតំណែងនាយករដ្ឋមន្រ្តីដោយតុលាការធម្មនុញ្ញ ពីបទរំលោភនូវសីលសមាចារ នៅក្នុងការតែងតំាងអតីតមេធាវីដែលមានកំហុសធ្លាប់ជាប់គុក១៦ឆ្នំាកន្លងទៅ ឱ្យមកនៅក្នុងជួរគណៈរដ្ឋមន្រ្តីរបស់ខ្លួននោះ។

នរណាជាអ្នកដឹកនំាបន្ទាប់?
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះដែរថា គណៈរដ្ឋមន្រ្តីថៃ នឹងកាន់ជាតួនាទីចំាផ្ទះសិន លើតំណែងរដ្ឋមន្រ្តីពាណិជ្ជកម្ម ខណៈឧបនាយករដ្ឋមន្រ្តី ភូមិថាម វិចាយ៉ាឆៃ( Phumtham Wechayachai)នឹងក្លាយជានាយករដ្ឋមន្ត្រីស្តីទី។

គណបក្សចម្រុះទាំងឡាយ ត្រូវតែសម្រេចថាតើ ពួកគេនឹងជ្រើសរើសយកនរណាជាបេក្ខភាព ដើម្បីបោះឆ្នោតសម្រាប់តំណែងនាយករដ្ឋមន្រ្តីបន្ទាប់ ដោយផ្អែកទៅតាមបញ្ជីឈ្មោះបេក្ខភាព ដែលបានដាក់ស្នើសុំនៅមុនពេលធ្វើការបោះឆ្នោតកាលពីឆ្នំា២០២៣កន្លងទៅ។

ដើម្បីក្លាយទៅជានាយករដ្ឋមន្រ្តីទៅបាន បេក្ខជនត្រូវការសម្លេងគំាទ្រច្រើនជាងពាក់កណ្តាលនៃសម្លេងសមាជិកសភាជាន់ទាបបច្ចុប្បន្នសរុប៤៩៣ អាសនៈ ឬក៍២៤៧សម្លេង។

រដ្ឋាភិបាលចម្រុះនេះ មានគណបក្សចំនួន១១ ដែលមានអាសនៈចំនួន៣១៤ អាសនៈនៅក្នុងសភាជាន់ទាប ខណៈនាយករដ្ឋមន្រ្តីថ្មីត្រូវតែងតំាងគណៈរដ្ឋមន្រ្តី ដែលបន្ទាប់មកត្រូវបង្ហាញគោលនយោបាយរបស់ខ្លួនទៅកាន់សភាព មុនពេលខ្លួនចាប់ផ្តើមធ្វើការគ្រប់គ្រងរដ្ឋនោះ។

តើ នាង ប៉ាថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra,) អាយុ៣៧ឆ្នាំជាកូនស្រីរបស់លោកសេដ្ឋីថាក់ស៊ីនរបស់បក្សភឿថៃអាចនឹងជំនួសលោកស្រ្តេតថា ដែលបានរបូតរលូតដំណែងទៅហើយនោះបានដែរឬទេ? រឿងនេះវាអាស្រ័យទៅលើសភា ខណៈអាចមានបេក្ខភាពមួយរូបទៀតទំនងដែរ គឺរដ្ឋមន្រ្តីមហាផ្ទៃនិងជាឧបនាយករដ្ឋមន្រ្តីឈ្មោះ អានុទីន ចាមវីរៈកុល(Anutin Charnvirakul) មកពីគណបក្សភូមិចៃថៃ ជាបក្សធំលំដាប់ទី២នៅក្នុងជួររដ្ឋាភិបាលចម្រុះ។

នៅមានឥស្សរជនសំខាន់ៗដទៃទៀតជាច្រើនរូបអាចនឹងប្រជែងលើតំណែងនេះដែរ ដូចជាលោកប្រាវីដ វង្សសុវណ្ណ អតីតមេទ័ពដ៏មានឥទ្ធិពលហើយក៏ជាមេបក្សកម្លំាងប្រជាពលរដ្ឋដែលសិ្នទ្ធនឹងក្រុមយោធា ហើយក៏ជាមនុស្សបង្កើតកិច្ចព្រមព្រៀងនយោបាយដ៏អាសោចិ៍ឈ្មោះមួយរូបដែរ មិនតែប៉ុណ្ណោះ លោកក៏មានការពាក់ព័ន្ធនឹងសកម្មភាពធ្វើរដ្ឋប្រហារចំនួន២ឈុតរួចមកហើយប្រឆំាងនឹងរដ្ឋាភិបាលដែលដឹកមុខដោយត្រកូលស៊ីណាវ៉ាត់នោះ៕

ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស
ប្រភព៖ Reuters


Comments

Leave a Reply

Your email address will not be published. Required fields are marked *