រដ្ឋបាលខេត្តកែប និងគណៈមេធាវីកម្ពុជា សហការរៀបចំវគ្គបណ្តុះបណ្តាល អំពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ​ និងរដ្ឋប្បវេណី​ នៃ​ “​គម្រោងមេធាវីដល់មូលដ្ឋាន​ “

រដ្ឋបាលខេត្តកែប សហការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានរៀបចំវគ្គបណ្តុះបណ្តាល អំពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ​ និងរដ្ឋប្បវេណី​ នៃ​ “​គម្រោងមេធាវីដល់មូលដ្ឋាន​ ” ​ នៅសាលាខេត្តកែប។

វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ពិធីនេះក៏មានការអញ្ជើញចូលរួម ពីសំណាក ក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ក្រុមប្រឹក្សា​ខេត្ត​ អភិបាលរងខេត្ត តំណាង​សាលាដំបូងខេត្ត​ តំណាង​អាជ្ញា​ការអមសាលាដំបូងខេត្ត​ លោកឧត្ដមសេនីយ៍​ វរ:សេនីយ៍​ តំណាង​កងកម្លាំង​ទាំងបី​ នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ត្រីសាលាខេត្ត ប្រធាន​ អនុប្រធាន​មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ក្រុម​ប្រឹក្សា​ក្រុង​ ស្រុក​ អធិការ​ក្រុង​ ស្រុក​ មេឃុំ​ ចៅសង្កាត់ ស្មៀនឃុំ​ សង្កាត់​ ប៉ុស្តិ៍​រដ្ឋបាលឃុំ​ សង្កាត់​ មេភូមិ ព្រមទាំងក្រុមការងាររៀបចំគម្រោងមេធាវីដល់មូលដ្ឋាន សរុបប្រមាណជាង៣០០នាក់។

​ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងអំណរគុណ ដល់ប្រតិភូគណ:មេធាវី នៃព្រះរាជាណាចក្រកម្ពុជា​ ដឹកនាំដោយ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំធ្វើការផ្សព្វផ្សាយស្តីពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃ​ “​ គម្រោងមេធាវីដល់មូលដ្ឋាន​ “​។

ឯកឧត្តមបន្តថា៖ វគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ពិតជាមានសារៈសំខាន់ណាស់ដល់មន្រ្តីដែលជាអ្នកអនុវត្តច្បាប់ក្នុងមូលដ្ឋាននៃខេត្តកែប​ នេះផ្ទាល់។ ជាពិសេសនោះគឺការផ្សព្វផ្សាយអំពីសេវាមេធាវី ការការពារក្តីជូនជនក្រីក្រដោយមិនគិតកម្រៃ ឯកឧត្តមបណ្ឌិត បានសំណូមពរ ឱ្យសមាជិក​ សមាជិកា​ ដែលចូលរួមទាំងអស់ សូមយកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមគ្រូបង្គោលរបស់គណៈមេធាវី ដើម្បីជាចំណេះដឹងថ្មី ក្នុងការយកទៅអនុវត្តនៅក្នុងកិច្ចការងាររបស់ខ្លួនអោយមានប្រសិទ្ធភាព។

មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលនាឱកាសនោះ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានជម្រាបជូនអំពីគោលបំណង ចំនួន ៤ចំណុច សំខាន់ៗ ដូចខាងក្រោម៖

-ទី១. ចង់ធ្វើការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី

-ទី២. ផ្សព្វផ្សាយ និងពង្រឹងសេវាការពារក្តីជូនជនក្រីក្រដោយមិនយកកម្រៃ

-ទី៣. ផ្សព្វផ្សាយអំពីសេវាពិគ្រោះយោបល់ដោយមិនគិតកម្រៃជូនប្រជាពលរដ្ឋ

-ទី៤. បណ្តុះបណ្តាលអំពីច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងវិស័យរដ្ឋប្បវេណី

ឯកឧត្តម លី ច័ន្ទតុលា បានបន្តទៀតថា ការផ្សព្វផ្សាយផ្ទាល់ជាមួយនឹងមន្រ្តីអាជ្ញាធរមូលដ្ឋាន ដែលជាថ្នាក់ដឹកនាំ នៅក្នុងកម្រិត ខេត្ត​ ក្រុង ស្រុក ខណ្ឌ ក៏ដូចជាអាជ្ញាធរ ឃុំ​ សង្កាត់ អោយបានដឹងអំពីសេវាកម្មរបស់គណៈមេធាវី ក៏ដូចជាកិច្ចការងារ ដែលគណៈមេធាវីបានធ្វើកន្លងមក ដែលជាការជម្រុញដល់ប្រយោជន៍របស់ប្រជាពលរដ្ឋ និងសង្គមជាតិ ជាពិសេសគឺជាការចូលរួមចំណែកក្នុងការអនុវត្តគាំទ្រ យុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី សង្ឃឹមយ៉ាងម៉ុតមាំថា ឆ្លងកាត់វគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ​ និងរដ្ឋប្បវេណី នេះរួច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងទទួលបាននូវធាតុចូលថ្មីបន្ថែមទៀត សម្រាប់បំរើការងារ និងបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ៕អត្ថបទ​៖​ លោក​ ហាន​ ឆន​ មន្ទីរ​ព័ត៌មាន​ខេត្ត​កែប