មនុស្សយ៉ាងតិច ៥០នាក់ស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តហ៊ូណាន ប្រទេសចិន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥០នាក់ត្រូវបញ្ជាក់ថាបានស្លាប់កាលពីថ្ងៃចន្ទ (១៩ សីហា) បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ ក្រោយភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារកណ្តាលប្រទេសចិន កាលពីចុងខែកក្កដា។ មនុស្ស ១៥នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួននៅក្នុងទីក្រុង ស៊ីស៊ីង (Zixing) ក្នុងខេត្តហ៊ូណាន (Hunan) របស់ប្រទេសចិន នេះបើយោងតាមទូរទស្សន៍រដ្ឋ CCTV។

ទូរទស្សន៍ CCTV នេះនិយាយថា «ភូមិរដ្ឋបាលទាំងអស់នៅតំបន់រងគ្រោះក្នុងទីក្រុង Zixing អាចប្រើប្រាស់ផ្លូវថ្នល់ អគ្គិសនី ទំនាក់ទំនង និងទឹកបានវិញ។ អ្នកស្រុកដែលរងផលប៉ះពាល់ត្រូវបានរៀបចំតាំងទីលំនៅឱ្យថ្មីបានត្រឹមត្រូវ ហើយការកសាងឡើងវិញក្រោយគ្រោះមហន្តរាយកំពុងដំណើរការ»។

ភ្លៀងធ្លាក់ខ្លាំងនៅចុងខែកក្កដា ត្រូវបានបង្កឡើងដោយព្យុះទីហ្វុង ហ្កែមី (Gaemi) ដែលបានធ្វើដំណើរពីប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់ បានបោកបក់ដល់ដីគោកក្នុងប្រទេសចិន ដោយប៉ះពាល់ខ្លាំងលើតំបន់ភ្នំខ្ពស់ៗ និងតំបន់ព្រំដែនដីគោកនៃខេត្តហ៊ូណាន។

អាជ្ញាធរបានជម្លៀសមនុស្សជិត ៣០០.០០០នាក់ និងបានផ្អាកការដឹកជញ្ជូនសាធារណៈនៅទូទាំងភាគខាងកើតប្រទេសចិនកាលពីខែមុន។ ប្រទេសចិន បានស៊ូទ្រាំនឹងរដូវក្តៅដែលមានអាកាសធាតុខ្លាំងក្លា រួមទាំងមានភ្លៀងធ្លាក់ខ្លាំងពាសពេញភាគខាងកើត និងខាងត្បូងដោយបង្កជាទឹកជំនន់ដ៏គហុក និងបំណាក់ដី ជាមួយនឹងផ្នែកនានានៃភាគខាងជើងក៏បានរងគ្រោះដោយរលកកម្ដៅជាបន្តបន្ទាប់៕