អ៊ុយក្រែន សាទរពីភាពជោគជ័យក្នុងតំបន់ Kursk ខណៈរុស្ស៊ី បដិសេធការចរចា

ទីក្រុងមូស្គូ កាលពីថ្ងៃចន្ទ (១៩ សីហា) បានច្រានចោលការចរចាសន្តិភាពណាមួយជាមួយអ៊ុយក្រែន បើទោះបីជាទីក្រុងគីវ បន្តបង្កើនសម្ពាធលើវិមានក្រឹមឡាំង ដោយអះអាងពីការវាយរុលថ្មីនៅក្នុងការវាយលុកជិតពីរសប្តាហ៍របស់ខ្លួនលើទឹកដីរុស្ស៊ីក៏ដោយ។

អ៊ុយក្រែនបានបញ្ជូនទាហាន និងរថក្រោះតាមព្រំដែនកាលពីថ្ងៃទី០៦ សីហា ដោយវាយរុលរាប់គីឡូម៉ែត្រចូលទៅក្នុងតំបន់ ឃើស្ក៍ (Kursk) របស់រុស្ស៊ី ជាទីដែលពួកគេកំពុងកាន់កាប់ទឹកដីមួយចំនួន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskyy) បាននិយាយកាលពីថ្ងៃចន្ទថា អ៊ុយក្រែនឥឡូវនេះគ្រប់គ្រងលើផ្ទៃដីទំហំ ១.២៥០គីឡូម៉ែត្រក្រឡា និងតំបន់តាំងទីលំនៅចំនួន ៩២កន្លែង ខណៈរុស្ស៊ី បន្តជំទាស់នឹងការអះអាងទាំងនោះ។

ការវាយប្រហារដ៏ធំបំផុតលើទឹកដីរុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទី២មកនេះ បានធ្វើឱ្យទីក្រុងមូស្គូ និងសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ លោក Zelenskyy បាននិយាយថា ការវាយលុកកំពុងសម្រេចបាននូវគោលបំណងរបស់ទីក្រុងគីវ ដែលក្រុមមន្ត្រីបាននិយាយពីមុនថារួមមានការបំបាក់កងកម្លាំងរុស្ស៊ី បង្កើត «តំបន់ទ្រនាប់» និងនាំសង្រ្គាម «កាន់តែខិតទៅជិត» ទីបញ្ចប់។

លោក Zelenskyy បានជំរុញឱ្យបណ្ដាអ្នកការទូតរៀបចំកិច្ចប្រជុំកំពូលសន្តិភាពលើកទីពីរនៅឆ្នាំនេះ ដោយនិយាយថា «យើងត្រូវតែបង្ខំរុស្ស៊ីឱ្យអស់ពីកម្លាំង និងរួមគ្នាជាមួយដៃគូដើម្បីធ្វើឱ្យមានសន្តិភាព»។ ប៉ុន្តែក្រុមមន្រ្តីជំនិតនៅវិមានក្រឹមឡាំង បាននិយាយថា ការវាយប្រហាររបស់ទីក្រុងគីវ មានតែរុញច្រានការរំពឹងទុកនៃកិច្ចចរចាសន្តិភាពឱ្យកាន់តែឆ្ងាយប៉ុណ្ណោះ៕