រុស្ស៊ី និយាយថា ខ្លួនវាយរុលទៅមុខនៅភាគខាងកើតអ៊ុយក្រែន ហើយប្រមូលផ្ដុំកម្លាំងឡើងវិញបន្ទាប់ពីការលុកលុយ

រុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា កងកម្លាំងរបស់ខ្លួនបានគ្រប់គ្រងនូវអ្វីដែលខ្លួនបានហៅថាជាមជ្ឈមណ្ឌលដឹកជញ្ជូនភស្តុភារដ៏សំខាន់ជាយុទ្ធសាស្ត្រនៃតំបន់នីវយ៉ក(Niu-York) នៅភាគខាងកើតក្នុងប្រទេសអ៊ុយក្រែន ដែលជាផ្នែកនៃកម្លាំងរុញច្រានរបស់ទីក្រុងមូស្គូដើម្បីដណ្តើមយកតំបន់ Donetsk ទាំងមូល។

ខណៈកងទ័ពអ៊ុយក្រែនព្យាយាមវាយសម្រុកទៅមុខក្នុងតំបន់ ឃើស (Kursk) របស់រុស្ស៊ី បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានចាប់ផ្តើមកាលពីថ្ងៃទី៦សីហា ជោគវាសនារបស់តំបន់ នីវយ៉ក ដែលសារព័ត៌មាន Reuters មិនអាចបញ្ជាក់ដោយឯករាជ្យគឺជាការរំលឹកថា កង កម្លាំងរុស្ស៊ីនៅតែកំពុងបន្តប្រតិបត្តិការជាមួយការវាយលុករបស់ពួកគេនៅភាគខាងកើតអ៊ុយក្រែន។

រុស្ស៊ីបានប្រកាសដាច់ដោយឡែកពីគ្នាពីការប្រមូលកងកម្លាំងយោធាថ្មីនៅតំបន់ឃើស និងតំបន់ព្រំដែនពីរផ្សេងទៀត ខណៈខ្លួនព្យាយាមទប់ទល់នឹងការលុកលុយដោយមិនបង្វែរកងកម្លាំងចេញពីសមរភូមិជួរមុខ ដែលស្ថិតនៅជ្រៅក្នុងប្រទេសអ៊ុយក្រែន។

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក អាន់ដ្រេ បេឡូសូវ(Andrei Belousov) បាននិយាយថា ស្ថាប័នសម្របសម្រួលថ្មីមួយបាន ចាប់ផ្តើម ធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីទំនាក់ទំនងរវាងក្រុមអាជ្ញាធរក្នុងតំបន់ មេបញ្ជាការកងទ័ព និងក្រសួងការពារជាតិ។

ចំណែកមេបញ្ជាការកំពូលរបស់អ៊ុយក្រែនវិញ លោក អូឡេកសាន់ឌើ ស៊ីស្គី (Oleksandr Syrskyi) បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរបស់លោកបានវាយប្រហាររុលទៅមុខចម្ងាយ ចន្លោះពី២៨ ទៅ៣៥ គីឡូម៉ែត្រទៀត ចូលទៅជ្រៅក្នុងប្រទេសរុស្ស៊ី ដោយដណ្ដើមយកផ្ទៃដី១.២៦៣ គីឡូម៉ែត្រក្រឡា រួមទាំងភូមិចំនួន៩៣ ជាតួលេខដែលសារព័ត៌មាន Reuters មិនអាចបញ្ជាក់ដោយឯករាជ្យបាន។ រុស្ស៊ីបានប្តេជ្ញាកម្ទេចការលុកលុយនេះ ប៉ុន្តែពុំបានបង្ហាញសញ្ញាថាខ្លួនបានបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីតំបន់នេះនៅឡើយទេរហូតមកដល់ពេលនេះ៕