អ៊ីស្រាអែល ដកទ័ពពីក្រុង Khan Younis ខណៈបញ្ជាឱ្យអ្នកស្រុកភាគកណ្តាលហ្កាហ្សា ជម្លៀសបន្ថែម

កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ (២៤ សីហា) បានដកខ្លួនចេញពីភាគខាងជើងទីក្រុង ខាន់យូនីស (Khan Younis) ដែលនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប ហើយបានជំរុញអ្នកស្រុកនៅភាគកណ្តាលហ្កាហ្សា ឱ្យជម្លៀសចេញបន្ថែមទៀតទៅរកទីកន្លែងសុវត្ថិភាព។

ប្រភពសន្តិសុខប៉ាឡេស្ទីនបានរាយការណ៍ពីការខូចខាតយ៉ាងទូលំទូលាយដល់អគារលំនៅដ្ឋានបន្ទាប់ពីការដកទ័ពអ៊ីស្រាអែល ចេញពីក្រុង Khan Younis។ ប្រភពបានបន្ថែមថា ការបំផ្លិចបំផ្លាញគឺធ្ងន់ធ្ងរជាពិសេសនៅក្នុងទីក្រុង ហាម៉ាដ (Hamad) ដែលជាតំបន់លំនៅឋានភាគពាយព្យនៃទីក្រុង ដោយផ្ទះល្វែងរាប់សិបខ្នងត្រូវបានបំផ្លាញ និងអគារជាច្រើនត្រូវបានខ្ទេចខ្ទី។

ប្រភពក្នុងស្រុក និងសាក្សីបាននិយាយថា ក្រុមការពារជនស៊ីវិល គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម រួមទាំងអង្គការ និងអង្គភាពផ្សេងទៀតកំពុងមមាញឹកក្នុងការស្វែងរកអ្នកបាត់ខ្លួននៅក្នុងតំបន់ដែលត្រូវបានចូលប្រតិបត្តិការដោយកងទ័ពអ៊ីស្រាអែល។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក អាវីឆាយ អាដ្រែ (Avichay Adraee) បានជំរុញឱ្យប្រជាជននៅតំបន់ខ្លះនៃភាគកណ្តាលហ្កាហ្សា ជម្លៀសចេញជាបន្ទាន់ដើម្បីសុវត្ថិភាពរបស់ពួកគេដោយសារនឹងមានប្រតិបត្តិការដ៏ខ្លាំងក្លានៅតំបន់នោះ។

កងទ័ពអ៊ីស្រាអែល ក៏បានលើកឡើងផងដែរថាកងម្លាំងរបស់ខ្លួនមកពីកងពលតូចទី៧ កំពុងចូលរួមក្នុងការប្រយុទ្ធនៅជាយក្រុង ឌឺ អាបាឡា (Deir al-Balah) ដោយបានបំផ្លាញ «ហេដ្ឋារចនាសម្ព័ន្ធភេរវករ» រាប់សិបកន្លែង និងលុបបំបាត់ប្រតិបត្តិការជាច្រើន៕