ផ្ទុះការតវ៉ា និងការប៉ះទង្គិចគ្នាទូទាំងអ៊ីស្រាអែល ក្រោយចំណាប់ខ្មាំង៦នាក់ត្រូវបានសម្លាប់នៅដែនដីហ្កាហ្សា

ការតវ៉ា និងការប៉ះទង្គិចគ្នា បានផ្ទុះឡើងទូទាំងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ទី១កញ្ញា បន្ទាប់ពីការស្លាប់របស់ចំណាប់ខ្មាំង៦នាក់នៅដែនដីហ្កាហ្សា ស្របពេលការខកចិត្តបានកើនឡើងខ្លាំងថែមទៀតចំពោះការដឹកនាំរបស់ប្រទេសនេះ បរាជ័យក្នុងការទទួលបានកិច្ចព្រមព្រៀងបទឈប់បាញ់ដែលនឹងដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល។

ក្រុមមនុស្សដែលត្រូវបានប៉ាន់ប្រមាណដោយប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលថាមានចំនួនរហូតដល់ ៥០០.០០០នាក់ ដែលធ្វើបាតុកម្មនៅទីក្រុងហ្សេរុយសាឡឹម (Jerusalem) ទីក្រុង តេល អាវីវ (Tel Aviv) និងទីក្រុងដទៃទៀត ទាមទារឱ្យលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ធ្វើបន្ថែមទៀតដើម្បីនាំយកចំណាប់ខ្មាំងចំនួន ១០១ នាក់មកផ្ទះវិញ ដែលក្រុមមន្ត្រីអ៊ីស្រាអែលបានប៉ាន់ស្មានថាប្រហែលមួយភាគបីបានស្លាប់។

នៅក្រុងហ្ស៊េរុយសាឡឹម ក្រុមបាតុករបានបិទផ្លូវ និងធ្វើបាតុកម្មនៅខាងក្រៅគេហដ្ឋានរបស់នាយករដ្ឋមន្ត្រី។

ផ្លូវហាយវេដ៏សំខាន់របស់ទីក្រុង Tel Aviv ពោរពេញទៅដោយក្រុមអ្នកតវ៉ាកាន់ទង់ជាតិអមជាមួយ រូបថតរបស់ចំណាប់ខ្មាំងដែលត្រូវបានសម្លាប់។

ទូរទស្សន៍អ៊ីស្រាអែល បានបង្ហាញពីកងកម្លាំងនគរបាលប្រើកាណុងបាញ់ទឹកដាក់ក្រុមបាតុករដែលបានបិទផ្លូវ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមានការចាប់ខ្លួនមនុស្សចំនួន២៩នាក់ផងដែរ៕