ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម សម្លាប់មនុស្ស៣៧នាក់ ក្នុងការវាយប្រហារនៅនីហ្សេរីយ៉ា

យោងតាមមន្ត្រីយោធា បាននិយាយថា ក្រុមសកម្មប្រយុទ្ធឥស្លាមនិយមបូកូហារ៉ាមដែលសង្ស័យ បាន ចូលទៅក្នុងភូមិមួយនៅភាគឦសានប្រទេសនីហ្សេរីយ៉ា ដោយជិះម៉ូតូ បើកការបាញ់ប្រហារលើទីផ្សារ មួយកន្លែង និងបានដុតបំផ្លាញហាង និងលំនៅឋាន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៣៧ នាក់។

ប្រជាជន និយាយថា ចំនួនអ្នកស្លាប់អាចកើនឡើងកាន់តែច្រើន ដោយអ្នកភូមិនៅបាត់ខ្លួន និងត្រូវបានគេគិតថាស្លាប់ បន្ទាប់ពីក្រុមអ្នកប្រយុទ្ធ បានដេញតាមពួកគេរត់ចូលទៅក្នុងព្រៃ។

ការវាយប្រហារ បានកើតឡើងនៅក្នុងរដ្ឋ Yobe ជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួន៣ នៅជួរមុខនៃការបះបោរដែលមានរយៈពេល១៥ ឆ្នាំមកហើយ។ ប្រជាជននីហ្សេរីយ៉ា រាប់ពាន់នាក់ ត្រូវបានសម្លាប់ និងជាង២ លាននាក់ ត្រូវភៀសខ្លួនចេញ។

អ្នកនាំពាក្យនគរបាលរដ្ឋ Yobe បាននិយាយថា ការវាយប្រហារនៅក្នុងភូមិ Mafa របស់រដ្ឋ Yobe គឺជាការសងសឹកជាក់ស្តែងចំពោះការសម្លាប់ក្រុមអ្នកប្រយុទ្ធបូកូហារ៉ាមពីរនាក់ដោយអ្នកការពារតំបន់។ អ្នកនាំពាក្យរដ្ឋ Yobe និយាយថា បន្ទាប់ពីមានការបាញ់ប្រហារនៅទីផ្សារ និងដុតអគារ ក្រុមសកម្មប្រយុទ្ធ បានដេញតាមអ្នកស្រុកផ្សេងទៀតរត់ចូលទៅក្នុងព្រៃ ហើយបានបាញ់ពួកគេ។

ក្រុមភេរវករ បានសម្លាប់មនុស្សជាច្រើននាក់ ប៉ុន្តែពុំទាន់អាចបញ្ជាក់បានពីចំនួនពិតប្រាកដនៃអ្នកស្លាប់នៅឡើយទេ។