តំណាងក្រុមឧទ្ទាម ៖ក្រុមហ៊ួទី បានបាញ់ទម្លាក់យានដ្រូន MQ-9 Reaper របស់អាមេរិក

អ្នកនាំពាក្យយោធានៃចលនានេះ លោក យ៉ាយ៉ា សារី ( Yahya Saree) បាននិយាយថា កងកម្លាំងការពារដែនអាកាសនៃចលនាហ៊ួទីអានសា អាល់អាឡា ( Ansar Allah) នៅប្រទេសយេម៉ែន បានបាញ់ទម្លាក់យានដ្រូនវាយប្រហារ MQ-9 Reaper របស់សហរដ្ឋអាមេរិក។

លោកបាននិយាយនៅលើប៉ុស្តិ៍ទូរទស្សន៍ Al Masirah ដែលគ្រប់គ្រងដោយហ៊ួទី៖«កងកម្លាំង ការពារដែនអាកាសរបស់ប្រទេសយេម៉ែន បានព្យាយាមបាញ់ទម្លាក់យានដ្រូន MQ-9 របស់សហរដ្ឋអាមេរិក នៅពេលដែលយានដ្រូននេះ កំពុងធ្វើសកម្មភាពអរិភាពលើដែនអាកាសនៃខេត្ត Marib»។

លោក សារី បានបញ្ជាក់ថា នេះ គឺជាយានដ្រូនទី៨ នៃកងកម្លាំងទ័ពអាកាសអាមេរិកប្រភេទនេះ ដែលត្រូវបានបាញ់ទម្លាក់ដោយក្រុមឧទ្ទាមពីលើដែនអាកាសនៃប្រទេសយេម៉ែន ចាប់តាំងពីការចាប់ផ្តើមនៃការកើនឡើងភាពតានតឹង។ លោក បាននិយាយដែរថា ចលនានេះ «បាននិងកំពុងពង្រឹងសក្តានុពលការពាររបស់ខ្លួន» សម្រាប់ប្រឆាំងនឹងសកម្មភាពរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។