ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ «កិច្ចការវិនិយោគ និងពាណិជ្ជកម្ម​ជាក្បាលម៉ាស៊ីន​ជំរុញឱ្យ​មានការ​បង្កើតបច្ចេកវិទ្យា ការងារ និងសសរស្តម្ភនៃស្ថិរភាពសេដ្ឋកិច្ច»

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុ​ប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធិបើក “ពិព័រណ៍​អន្តរជាតិ​ចិន​ លើកទី២៤ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម” (The 24th China International Fair for Investment and Trade) ឬ (CIFIT លើកទី២៤) ដែលរៀប​ចំ​ឡើង​នៅ​ទីក្រុង​សៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។

ពិធីបើកពិព័រណ៍នាឱកាសនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម He Lifeng ឧបនាយក​រដ្ឋមន្ត្រី និងជាសមាជិកការិយាល័យនយោបាយ នៃគណៈ​កម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយ​នីស្តចិន ព្រមទាំងមានការចូលរួមយ៉ាងកុះករពីថ្នាក់ដឹកនាំធំៗរបស់សាធារណរដ្ឋប្រជាមានិតចិន ឥស្សរជនជាន់ខ្ពស់នៃអេមីរ៉ាតអារ៉ាប់រួម ទីភ្នាក់ងារជំរុញការវិនិយោគបរទេស អង្គការអន្តរជាតិ សហ​គ្រាស និងតំណាងធុរកិច្ច មកពីប្រមាណ ៣០ប្រទស ជុំវិញពិភពលោក។

ព្រឹត្តិការណ៍​ព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគ និងពាណិជ្ជកម្មនេះ មិនត្រឹមតែបង្ហាញ​អំពី​សារៈ​សំខាន់​នៃកម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក តាមរយៈការ​លើក​កម្ពស់​ឱកាស​វិនិយោគ និងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​គូសប​ញ្ជាក់​អំពីតួនាទីយ៉ាង​សំខាន់​នៃ​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិក្នុងការជំរុញកំណើនប្រកបដោយចីរភាព។

កិច្ចការងារវិនិយោគ និងពាណិជ្ជកម្ម គឺជាក្បាលម៉ាស៊ីនដែលជំរុញឱ្យមានការបង្កើតបច្ចេកវិទ្យា ការងារ និងសសរស្តម្ភនៃស្ថិរភាពសេដ្ឋកិច្ច។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីជឿជាក់ថា តាម​រយៈការវិនិយោគ កម្ពុជាអាចកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពាសពេញផ្ទៃប្រទេស ទ្រទ្រង់​លើ​ភាព​រីកចម្រើននៃធុរកិច្ចឧស្សាហកម្មដើម្បីកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាការ​នាំ​មក​នូវ​បច្ចេក​វិទ្យា​ថ្មី​ៗដែលនឹងជួយសម្រួលដល់ការរស់នៅផងដែរ។

ជាងនេះ​ទៅទៀត តាមរយៈពាណិជ្ជកម្ម កម្ពុជាអាចចូលរួមផ្លាស់ប្ដូរកម្លាំងពលកម្ម ដែលអាច​បង្កើត​ការងារ ការផ្លាស់ប្តូរជំនាញ ព្រមទាំងបង្កើនចំណងនៃការជឿទុកចិត្ត និងការគោរ​ព​គ្នា​ទៅ​វិញ​ទៅ​មករវាងប្រជាជាតិនានានៅលើសកលលោក។ ជាថ្មីម្ដងទៀតតាមរយៈពិព័រណ៍អន្តរជាតិ CIFIT នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញគោលបំណងរបស់កម្ពុជា ដែលកំពុង​ស្វែង​រក​មធ្យោបាយ​ថ្មីនៃកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងវិស័យដូចជា បច្ចេកវិទ្យា ថាមពល​​កកើត​​ឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព៕