[UPDATE] អ្នកស្លាប់ដោយសាព្យុះនៅវៀតណាមកើនឡើងដល់ ៦៤នាក់ ខណៈស្ពានបាក់និងទឹកជំនន់ហូរកួចរថយន្តក្រុងមួយគ្រឿង

ស្ពានមួយបានបាក់ ហើយរថយន្តក្រុងមួយគ្រឿងត្រូវបានហូរកួចតាមទឹកជំនន់ក្នុងប្រទេសវៀតណាមកាលពីថ្ងៃចន្ទ ដោយបានបង្កើនចំនួនអ្នកស្លាប់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះដល់៦៤នាក់ដោយសារព្យុះទីហ្វុង និងភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដោយបានបំផ្លាញរោងចក្រមួយចំនួននៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្មភាគខាងជើងដែលផ្តោតលើការនាំចេញផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ VN Express បានរាយការណ៍ថា មនុស្ស ៩ នាក់បានស្លាប់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីព្យុះទីហ្វុង Yagi បានវាយប្រហារប្រទេសវៀតណាម មុនពេលចុះខ្សោយកម្លាំងទៅជាព្យុះត្រូពិក។

អ្នកស្លាប់ផ្សេងទៀត គឺនៅក្នុងគ្រោះទឹកជំនន់ និងបំណាក់ដីដែលបានកើតឡើងកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទសប្ដាហ៍នេះ។

កម្រិតទឹកក្នុងទន្លេជាច្រើននៅភាគខាងជើងប្រទេសវៀតណាម នៅតែខ្ពស់ប្រកបដោយគ្រោះថ្នាក់ខ្លាំង។

រថយន្តក្រុងមួយគ្រឿងដឹកមនុស្ស២០នាក់ ត្រូវបានទឹកហូរកួចចូលក្នុងទន្លេដោយសារបំណាក់ដីក្នុងខេត្ត កាវ បាំង (Cao Bang) កាលពីព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា សាកសពបួននាក់ត្រូវបានស្រង់ចេញពីរថយន្តក្រុង ហើយអ្នកនៅរស់រានមានជីវិតម្នាក់ត្រូវបានជួយសង្គ្រោះ ខណៈអ្នកផ្សេងទៀតនៅតែបាត់ខ្លួននៅឡើយ៕