តុលាការសម្រេចផ្ដន្ទាទោសជនជាតិថៃ២នាក់ ដាក់ពន្ធនាគារអស់មួយជីវិតករណីគ្រឿងញៀនជាង ១១៨គីឡូក្រាម

កាលពីរសៀលថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោសបុរសជនជាតិថៃ ២នាក់ដាក់ពន្ធនាគារកំណត់អស់មួយជីវិត និងពិន័យប្រាក់ក្នុងម្នាក់ៗ ៨០លានរៀល ក្រោមការចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ដោយខុសច្បាប់ ។

ជនជាប់ចោទទាំង ២នាក់ ទី១ឈ្មោះ ស៊ែហឺរ ថាណាត់ (SAEHEO THANAT) ភេទប្រុស អាយុ 29ឆ្នាំ ជនជាតិ ម៉ុងតាញ៉ា សញ្ជាតិ ថៃ ឆ្នាំកំណើត ១៩៩៤ និងទី២ ឈ្មោះ ស៊ែហឺរ សោមឆាយ (SAEHEO SOMCHAI) ភេទប្រុស អាយុ 32ឆ្នាំ ជនជាតិម៉ុងតាញ៉ា សញ្ជាតិ ថៃ ឆ្នាំកំណើត ១៩៩១ ។នគរបាលបញ្ជាក់ថា ក្រោម​ការ​ដឹកនាំ​ផ្ទាល់​របស់លោកឧត្ដមសេនីយ៍ឯក​ ឃឹ​ង​ សា​រ៉ាត់​ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ សមត្ថកិច្ច​ជំនាញ​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ (​ក​៩.១ )​ សហការ​ជាមួយកម្លាំង​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពញ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ​រយៈពេល​ជាង​ ១សប្តាហ៍ ឈាន​ដល់ការ​បង្ក្រាបបទល្មើសគ្រឿងញៀន ៣គោលដៅ ចាប់ខ្លួនជនសង្ស័យ ២នាក់ វត្ថុតាងថ្នាំញៀន ចំនួន ១១៩ដុំធំ ( ថ្នាំញៀន ប្រភេទ កេតាមីន និង ប្រភេទ ខេ) ។

នគរបាលបាលបន្តថា ទាំង ៣គោលដៅដែលសមត្ថកិច្ច

មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ការិយាល័យ (​ក​៩.១ )​ បង្ក្រាប គោលដៅទី ១- កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង ១២ និង ២០ នាទី នៅចំណុចផ្លូវលំ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ វត្ថុតាងចាប់យក កញ្ចប់រូបតពណ៌មាស ចំនួន ០៩ដុំធំ (ប្រាំបួនដុំធំ) , កញ្ចប់រុំស្កុតពណ៌ទឹកប្រាក់ ចំនួន ០១ដុំធំ (មួយដុំ) ។

គោលដៅទី ២- កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង ០១ និង ២០ នាទី នៅចំណុចផ្ទះលេខ៣៥០ ផ្លូវបេតុង ភូមិក្រាំងដូនតី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រកឃើញវត្ថុតាង កញ្ចប់រូបតែពណ៌បៃត់ ចំនួន ០៩ដុំធំ (ប្រាំបួនដុំធំ) កញ្ចប់រុំស្កុតពណ៌គគី ចំនួន ០២ដុំធំ (ពីរដុំធំ) ។ គោលដៅទី ៣- កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង ០៣ និង ២០ នាទី នៅចំណុចផ្ទះលេខ២BC ផ្លូ លេខ១០៧ ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វត្ថុតាង​សារធាតុញៀន កញ្ចប់រូបតែ​ពណ៌មាស ចំនួន ៥៦ដុំធំ (ហាសិបប្រាំមួយដុំធំ) – កញ្ចប់ស្លឹកតែពណ៌បៃតង ចំនួន ៤២ដុំធំ (សែសិបពីរដុំធំ) សរុបវត្ថុតាងថ្នាំញៀនទាំងអស់ ចំនួន ១១៩ដុំធំ ទម្ងន់ជាង ១១៨គីឡូក្រាម ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *