លោកស្រី Harris ការពារសិទ្ធិរម្លូតកូន និងនិយាយថាលោកស្រីព្យាយាមជជែកដេញដោលលើកទីពីរជាមួយលោក Trump

បេក្ខជនគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក លោកស្រី Kamala Harris កំពុងព្យាយាមទទួលបានឱកាសជាលើកទីពីរ ដើម្បីជជែកដេញដោលជាមួយគូប្រជែង មកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ក្នុងការប្រជែងតំណែងប្រធានាធិបតី នៅឆ្នាំនេះ។

បេក្ខជនគណបក្សប្រជាធិបតេយ្យរូបនេះ បានថ្លែងសុន្ទរកថាដ៏មានឥទ្ធិពលបំផុតមួយនៃយុទ្ធនាការរបស់លោកស្រី ខណៈលោកស្រី បានស្តីបន្ទោស លោក Trump ចំពោះការហាមឃាត់ការរម្លូតកូននៅក្នុងរដ្ឋចចា ដែលលោកស្រីបាននិយាយថា បានបណ្តាលឱ្យស្ត្រីពីរនាក់ ស្លាប់។

លោកស្រី Harris អនុប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយនៅក្នុងទីក្រុង Atlanta ជាកន្លែងដែលលោកស្រីនិយាយអំពីសិទ្ធិបន្តពូជថា «ខ្ញុំកំពុងព្យាយាមដើម្បីទទួលបានឱកាសជជែកដេញដោលមួយផ្សេងទៀត។

លោកស្រី Harris និងលោក Trump បានជជែកដេញដោលគ្នា ជាលើកដំបូងកាលពីថ្ងៃទី ១០ ខែកញ្ញា នៅក្នុងការប្រកួតប្រជែង ដែលការស្ទង់មតិបង្ហាញថា បេក្ខជនតែងតាំងមកពីគណបក្សប្រជាធិបតេយ្យ បានទទួលជ័យជម្នះ។

លោក Trump កាលពីសប្តាហ៍មុន បាននិយាយថាលោកនឹងមិនចូលរួមក្នុងការជជែកដេញដោលមួយផ្សេងទៀតជាមួយលោកស្រី Harris នោះទេ នៅមុនការបោះឆ្នោត ថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខ។

អតីតប្រធានាធិបតីរូបនេះ បានសរសេរនៅលើគេហទំព័របណ្តាញផ្សព្វផ្សាយសង្គម Truth Social ថា «នឹងពុំមានការជជែកដេញដោលលើកទីបីទេ»។

លោក Trump បានជជែកដេញដោលជាមួយប្រធានាធិបតី លោក Joe Biden កាលពីខែមិថុនា មុនពេលការប្រកួតប្រជែងរបស់លោក ជាមួយលោកស្រី Harris ។

នៅក្នុងការជជែកដេញដោល លោកស្រី Harris បានលើកយកការការពាររបស់លោក Trump លើការនិយាយប្រហារជាបន្តបន្ទាប់ រួមទាំងកាយសម្បទារបស់លោកសម្រាប់ការកាន់តំណែង ការគាំទ្ររបស់លោកចំពោះការរឹតត្បិតការរម្លូតកូន និងបញ្ហាផ្លូវច្បាប់ជាច្រើនរបស់លោក។