មនុស្សយ៉ាងហោច ៣១នាក់ ស្លាប់ក្នុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលនៅតំបន់ជាយក្រុង Beirut

អ៊ីស្រាអែល បានសម្លាប់មេបញ្ជាការជាន់ខ្ពស់មួយរូបរបស់ក្រុមហេសប៊ូឡា និងឥស្សរជនជាន់ខ្ពស់ជាច្រើនទៀតនៅក្នុងចលនាលីបង់ អំឡុងការវាយប្រហារតាមច្រកអាកាសរបស់ពួកគេ លើតំបន់ជាយក្រុង Beirut ។

យោធាអ៊ីស្រាអែល និងប្រភពសន្តិសុខនៅលីបង់ បានឲ្យដឹងថា លោក Ibrahim Aqil ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមច្រកអាកាស។

មុននេះ អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកទទួលបន្ទុកទំនាក់ទំនងយុទ្ធសាស្ត្រ លោក John Kirby បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតជាមួយក្រុមអ្នកសារព័ត៌មានថា អ៊ីស្រាអែល មិនបានជូនដំណឹងដល់សហរដ្ឋអាមេរិកជាមុនអំពីចេតនារបស់ខ្លួន ក្នុងការវាយប្រហារលើទីក្រុង Beirut នោះឡើយ ។

នៅកន្លែងកើតហេតុនៃការវាយប្រហារ ឃើញអគារផ្ទះល្វែងរកការខូចខាត រថយន្តគ្របដណ្តប់ដោយកម្ទេចកម្ទី ហើយក្រុមជួយសង្រ្គោះ និងគ្រឿងចក្រ កំពុងចុះប្រតិបត្តិការជួយសង្រ្គោះ កាលពីព្រឹកថ្ងៃសៅរ៍ ។ មនុស្សយ៉ាងហោច ៣១នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ។

រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលលោក Yoav Gallant និយាយនៅក្នុងសប្តាហ៍នេះថា អ៊ីស្រាអែលបើកដំណាក់កាលថ្មីនៃសង្រ្គាមនៅតំបន់ព្រំដែនភាគខាងជើងរបស់ខ្លួន ។

លោកបាននិយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា វិធានការជាបន្តបន្ទាប់នៅក្នុងដំណាក់កាលថ្មី នឹងបន្តរហូតដល់សម្រេចបានគោលដៅរបស់ពួកយើង ហើយនិងការវិលត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតំបន់ភាគខាងជើង ។

សូមបញ្ជាក់ថា មនុស្សរាប់ម៉ឺននាក់ បានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេនៅតំបន់ព្រំដែនទាំងនៅលីបង់ និងអ៊ីស្រាអែល ចាប់តាំងពីក្រុមហេសប៊ូឡា វាយប្រហារដោយគ្រាប់រ៉ុក្កែតលើអ៊ីស្រាអែលកាលពីខែតុលា ឆ្នាំ ២០២៣ ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីន ៕