ប្រទេសចិនកាលពីថ្ងៃចន្ទទី៣មិថុនាសប្ដាហ៍នេះ បានបដិសេធការចោទប្រកាន់របស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដែលថាខ្លួនកំពុងព្យាយាមរារាំងប្រទេសផ្សេងទៀតមិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាព ដែលបានគ្រោងទុកស្តីពីសង្គ្រាមនៅអ៊ុយក្រែន។
លោក Zelensky បាននិយាយនៅឯវេទិកាសន្តិសុខក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃអាទិត្យថា ទីក្រុង ប៉េកាំង កំពុងធ្វើការយ៉ាងលំបាកនៅពេលបច្ចុប្បន្ននេះ ដើម្បីរារាំងប្រទេសនានាមិនឱ្យចូលរួមកិច្ចប្រជុំកំពូលសន្តិភាព ដែលប្រទេសស្វីសនឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៅសៅរ៍ទី១៥ ដល់ ថ្ងៃអាទិត្យទី១៦ មិថុនាខាងមុខនេះ។
ទីក្រុង គីវ (Kyiv) សង្ឃឹមថា កិច្ចប្រជុំកំពូលនេះ នឹងជួយឱ្យខ្លួនទទួលបានការគាំទ្រពីអន្តរជាតិយ៉ាងច្រើន សម្រាប់ចក្ខុវិស័យរបស់ខ្លួនអំពីលក្ខខណ្ឌដែលត្រូវការដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី។
ប្រទេសចិនបានរិះគន់សន្និសីទនេះកាលពីសប្តាហ៍មុន ដោយនិយាយថា វានឹងមានការលំបាកសម្រាប់ខ្លួន ក្នុងការចូលរួម ប្រសិនបើរុស្ស៊ីមិនបានចូលរួមនោះ។
ក្រសួងការបរទេសរបស់ទីក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃចន្ទដើមប្ដាហ៍នេះថា ជំហររបស់ចិនគឺបើកចំហ និងមានតម្លាភាព ហើយគ្មានឧទាហរណ៍ណាមួយដែលយើងដាក់សម្ពាធលើប្រទេសផ្សេងៗនោះទេ។
តាមរយៈអ្នកនាំពាក្យលោកស្រី ម៉ៅ នីង បានបញ្ជាក់ថា ប្រទេសចិន បានការពារជម្រើសរបស់ខ្លួនដែលមិនចូលរួមកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែននៅខែនេះ ដោយនិយាយថាការសម្រេចចិត្តនេះ គឺពុំបានប្រឆាំងដោយផ្ទាល់ចំពោះភាគីណាមួយទេ៕
Leave a Reply