ដំណាំស្រូវ និងដំណាំរួមផ្សំ រាប់រយហិកតាប្រឈមការខូចខាតដោយសាជំនន់ទន្លេមេគង្គ

បូងឃ្មុំ ៖ ទឹកទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំនៅតែបន្តហក់ឡើង ជនលិចភូមិឋានប្រជាពលរដ្ឋដែលរស់តាមដងទន្លេ ក្នុងស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ។ ការជនលិចនេះធ្វើឱ្យប្រជាពលរដ្ឋជិត ៦០០ គ្រួសារហើយត្រូវជម្លៀសមកទីទួលសុវត្ថិភាព ជាមួយសត្វពាហនៈរបស់ពួកគាត់ ក្នុងនោះក៏ធ្វើឱ្យដំណាំស្រូវ និងដំណាំរួមផ្សំ រាប់រយហិកតារងការខូចខាតផងដែរ ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ទឹកបានជនលិចដំណាំគ្រប់ប្រភេទចំនួន ប្រមាណ ៩២២ ហិកតា ក្នុងនោះដំណាំស្រូវ ៨៣៥ ហិកតា ដំណាំរួមផ្សំ ៨៧ ហិកតា ។

បើតាមលោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ បានឱ្យដឹហថា នៅស្រុកត្បូងឃ្មុំមានប្រជាពលរដ្ឋចំនួន ១៩ ភូមិ ក្នុងឃុំចំនួន២ ត្រូវបានជម្លៀសមកទួលសុវត្ថិភាពជាមួយសត្វពាហនៈរបស់ពួកគាត់ នោះគឺឃុំជីរោទី១ ចំនួន៩ ភូមិ និងឃុំទន្លេបិទចំនួន ១០ ភូមិ ។ គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋជម្លៀសមកទួលសុវត្ថិភាពចំនួន ៥៨២ គ្រួសារ ជាមួយសត្វពាហនៈ មានដូចជា គោ ក្របី ពពែ សេះ មាន ទា ជាដើម រាប់រយក្បាល មកស្នាក់នៅលើទួលសុវត្ថិភាព ចំនួន ៧ ។ លោកថា ក្រៅពីជម្លៀស ប្រជាពលរដ្ឋ និងសត្វពាហនៈមកទួលសុវត្ថិភាព ជំនន់ទន្លេមេគង្គក៏បានបង្ករផលប៉ះពាល់លើដំណាំផ្សេងៗ រាប់រយហិកតាផងដែរ លើឃុំចំនួន៦ គឺឃុំបឹងព្រួល ឃុំជីរោទី១ ឃុំ ទន្លេបិទ ឃុំពាមជីលាំង ឃុំថ្មពេជ្រ និងឃុំរកាពប្រាំ ដោយប៉ះពាល់ដំណាំស្រូវ ៨៧៨ ហិកតា និងដំណាំរួមផ្សំ ១២០ ហិកតា ។

លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ បានឱ្យដឹងដែរថា ជំនន់ទន្លេមេគង្គក៏កំពុងបង្ករផលប៉ះពាល់លើឃុំចំនួន៧ ក្នុងនោះប៉ះពាល់ផ្ទៃដីដំណាំស្រូវ និងដំណាំរួមផ្សំចំនួន ១៣០៩ ហិកតា ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៥ ឆ្នាំ២០២៤ ទឹកទន្លេមេគង្គមានកម្ពស់ ១៤,១០ ម៉ែត្រធៀបថ្ងៃម្សិលម៉ិញទឹកឡើង ០,២០ ម៉ែត្រ ខណៈទឹកត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្នកម្ពស់ ១៥,២០ ម៉ែត្រ ។

ដោយ ៖ ជឹង សេងឡុង