អ៊ីស្រាអែល ធានាបានកញ្ចប់ជំនួយយោធាតម្លៃ ៨,៧ពាន់លានដុល្លារ ពីសហរដ្ឋអាមេរិក

អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៦ កញ្ញា) ថា ខ្លួនធានាបានកញ្ចប់ជំនួយចំនួន ៨,៧ពាន់លានដុល្លារ ពីសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងយោធាដែលកំពុងបន្តរបស់ខ្លួន និងដើម្បីរក្សាបាននូវគុណភាពយោធានៅក្នុងតំបន់។

កញ្ចប់នេះរួមបញ្ចូលទឹកប្រាក់ ៣,៥ពាន់លានដុល្លារ សម្រាប់លទ្ធកម្ម (ដំណើរការទិញ) សម័យសង្រ្គាមដ៏សំខាន់ ដែលត្រូវបានទទួល និងកំណត់រួចហើយសម្រាប់ការបញ្ជាទិញយោធាសំខាន់ៗ និង ៥,២ពាន់លានដុល្លារ ដែលត្រូវបានកំណត់សម្រាប់ប្រព័ន្ធការពារដែនអាកាស រួមទាំងប្រព័ន្ធប្រឆាំងមីស៊ីល អារិនដូម (Iron Dome) ប្រព័ន្ធការពារ ដេវីដ ស្លីង (David’s Sling) និងប្រព័ន្ធឡាស៊ែរកម្រិតខ្ពស់។

បច្ចុប្បន្ន អ៊ីស្រាអែលកំពុងប្រយុទ្ធនៅលើសមរភូមិមុខពីរគឺមួយប្រឆាំងនឹងក្រុមអ៊ីស្លាមប៉ាឡេស្ទីន ហាម៉ាស នៅហ្កាហ្សា និងមួយទៀតប្រឆាំងចលនាហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ នៅលីបង់។ ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្តល់ជំនួយនេះបានកើតឡើងបន្ទាប់ពីកិច្ចចរចានៅមន្ទីរបញ្ចកោន រវាងលោក អេយ៉ាល់ ហ្សាមៀ (Eyal Zamir) អគ្គនាយកនៃក្រសួងការពារជាតិអ៊ីស្រាអែល និងក្រុមមន្ត្រីការពារជាតិអាមេរិក រួមទាំងមន្រ្តីផ្សេងទៀត។

ក្រសួងបាននិយាយថា កិច្ចព្រមព្រៀងនេះគូសបញ្ជាក់អំពី “ភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ និងយូរអង្វែងរវាងអ៊ីស្រាអែល និងអាមេរិក និងការប្តេជ្ញាចិត្តដ៏រឹងមាំចំពោះសន្តិសុខរបស់អ៊ីស្រាអែល” ជាពិសេសក្នុងការដោះស្រាយការគំរាមកំហែងសន្តិសុខក្នុងតំបន់ពីអ៊ីរ៉ង់ និងកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់៕