បាតុកម្មទូទាំងពិភពអារ៉ាប់ប្រឆាំងការសម្លាប់មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah

មនុស្សម្នាជាច្រើនបានចេញតវ៉ាពាសពេញដងផ្លូវនានា កាលពីយប់ចុងសប្ដាហ៍នេះនៅទូទាំងពិភពអារ៉ាប់ដោយថ្កោលទោសការសម្លាប់របស់អ៊ីស្រាអែលទៅលើមេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah ក្នុងការវាយឆ្មក់តាមអាកាសដ៏ធំ ដែលបានវាយលុកប្លុកទាំងមូលនៅភាគខាងត្បូងនៃរដ្ឋធានីបេរូត (Beirut) កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

នៅក្នុងប្រទេសលីបង់ ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅទីក្រុងស៊ីដូន(Sidon)កាលពីចុងសប្ដាហ៍នេះ ដើម្បីកាន់ទុក្ខមេដឹកនាំក្រុមហេសបូឡាលោក Sayyed Hassan Nasrallah និងថ្កោលទោសអ៊ីស្រាអែល។

ចំណែកនៅប្រទេសអ៊ីរ៉ង់វិញ ការតវ៉ាមួយបានកើតឡើងទាំងភ្លៀងធ្លាក់ខ្លាំងក្នុងរដ្ឋធានី តេអេរ៉ង់ ដើម្បីថ្កោលទោសការសម្លាប់មេដឹកនាំក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ លោក Hassan Nasrallah នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើរដ្ឋធានីបេរូត ។

នៅទីក្រុង រ៉ាម៉ាឡា (Ramallah)ក្នុងតំបន់ West Bank ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់បានដើរដង្ហែរពាសពេញនផ្លូវក្នុងទីក្រុងនេះ ប្រឆាំងការវាយលុករបស់អ៊ីស្រាអែលដែលនៅតែបន្ត ដោយលើកទង់ផ្សេងៗ និងរូបថតលោក Nasrallah។

នៅក្នុងរដ្ឋធានី រ៉ាបាត ( Rabat) របស់ប្រទេសម៉ារ៉ុក មនុស្សបានប្រមូលផ្តុំគ្នានៅមុខអគារសភា ថ្កោលទោសការធ្វើឃាតលោក Nasrallah ដោយស្រែកពាក្យស្លោកដូចជា ការតស៊ូនឹងមិនស្លាប់និងសូមឲ្យលោក Nasrallah បានសុខ យើងនឹងបន្តការតស៊ូ។

ជនមូស្លីមមកពីសហគមន៍ ស៊ីយ៉ា (Shia) ក្នុងតំបន់កាស្មៀរ របស់ឥណ្ឌាបានចេញតវ៉ាកាលពីថ្ងៃអាទិត្យ ២៩កញ្ញា ក្នុងសាមគ្គីភាពជាមួយលីបង់ និងប៉ាឡេស្ទីន បន្ទាប់ពីការសម្លាប់មេដឹកនាំក្រុមហេសបូឡារូបនេះ។

នៅប៉ាគីស្ថានវិញ ក្រុមបាតុករដែលគប់ដុំថ្មនៅក្នុងទីក្រុង Karachi របស់ប៉ាគីស្ថាន បានប៉ះទង្គិចគ្នា ជាមួយនគរបាលកាលពីថ្ងៃអាទិត្យ២៩ កញ្ញា ដែលបានរារាំងពួកគេមិនឲ្យចូលទៅស្ថានកុងស៊ុលសហរដ្ឋអាមេរិកអំឡុងបាតុកម្មថ្កោលទោសការសម្លាប់មេដឹកនាំហេសបូឡា។ក្រៅពីនេះនៅមានការតវ៉ាក្នុងប្រទេសជាច្រើនទៀតបានកើតឡើងប្រឆាំងការសម្លាប់មេដឹកនាក្រុមប្រដាប់អាវុធរូបនេះ៕