មន្រ្តីនៃមន្ទីរទេសចរណ៍ខេត្តកោះកុងបានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ភ្ញៀវទេសចរច្រើនបានចេញទៅលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តកោះកុង ខណៈភាគច្រើននៅតំបន់ឆ្នេរនេសាទ ស្រុកស្រែអំបិល។
លោក សាគុណ ភក្តី ប្រធានការិយាល័យផ្សព្វផ្សាយព័ត៌មានទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤នេះថា កាលពីថ្ងៃបិណ្ឌទី១៤ មានភ្ញៀវទេសចរមកលេងកម្សាន្តនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ប្រមាណជាង៣ពាន់នាក់ ក្នុងនោះជនជាតិបរទេស ៤៨នាក់។
លោកបានឱ្យដឹងថា តំបន់ទេសចរណ៍ដែលជាគោលដៅលេងកម្សាន្តថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ គឺតំបន់ទេសចរណ៍ឆ្នេរនេសាទ ស្ថិតនៅក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។ បន្ទាប់ពីទៀត គឺកោះស្តេច ស្ថិតនៅស្រុកគិរីសាគរ។ ចំពោះតម្លៃសេវាស្នាក់នៅ និងហូបចុកវិញ អាជីវករ និងប្រតិបត្តិករទេសចរ រក្សាតម្លៃបានសមរម្យដោយអាចទទួលយកបាន។
ដោយឡែកតំណាងអ្នកគ្រប់គ្រងភោជនីយដ្ឋានឆ្មាបាត់ និងរមណីយដ្ឋានឆ្នេរសុភមង្គល លើកឡើងស្រដៀងគ្នាថា ពួកគាត់មិនតម្លើងថ្លៃសេវាកម្មរបស់ខ្លួនឡើយ ដោយរក្សាតម្លៃដដែល ព្រមទាំងមានការបញ្ចុះតម្លៃទៀតដល់អ្នកទេសចរដែលបានមកលេងកម្សាន្តនៅរមណីយដ្ឋាន។
សូមជម្រាបថា ៨ខែ ឆ្នាំ២០២៤ ខេត្តកោះកុង បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ៤៧ម៉ឺននាក់ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ កើនឡើង១៦ម៉ឺននាក់។ ខេត្តកោះកុងមានតំបន់ទេសចរធម្មជាតិ និងកែច្នៃជាច្រើនដែលកំពុងមានសក្តានុពលដ៏ទាក់ទាញ ខណៈផ្លូវជាតិលេខ៤៨ស្ថាបនារួចរាល់ហើយ គេរំពឹងថា កំណើនអ្នកទេសចរនឹងកើនកាន់តែច្រើនបន្ថែមទៀត៕
Leave a Reply