សហរដ្ឋអាមេរិក អំពាវនាវឲ្យរាល់ប្រទេសចូលរួមថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល

កាលពីថ្ងៃអង្គារម្សិលមិញ សហរដ្ឋអាមេរិក បានអំពាវនាវឲ្យរាល់ប្រទេសនៅលើពិភពលោកចូលរួមថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល ក្រោយទីក្រុងតេអេរ៉ង់ បានបាញ់មីស៊ីលបាលីស្ទិកលើអ៊ីស្រាអែល ដែលក្រសួងការបរទេសសហរដ្ឋអាមេរិក និយាយថា វាគឺជាការវាយប្រហារដ៏សាហាវ និងមិនអាចទទួលយកបាន ។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Matthew Miller និយាយថា នៅពេលនេះ ទីក្រុងវ៉ាស៊ីងតោន ពុំបានដឹងពីការខូចខាតចំពោះទីតាំងសហរដ្ឋអាមេរិកនោះឡើយ នៅក្នុងការវាយប្រហារនេះ ។

លោកថា សហរដ្ឋអាមេរិក ពុំទទួលបានការព្រមានពីរដ្ឋាភិបាលអ៊ីរ៉ង់ដែលថាពួកគេនឹងបើកការវាយប្រហារបែបហ្នឹងឡើយ ។

លោក Miller និយាយទៀតថា កន្លែងដែលពួកយើងស្ថិតក្នុងកិច្ចពិភាក្សាបទឈប់បាញ់នៅក្នុងតំបន់ហ្កាហ្សាគឺថា ក្រុមភេរវកម្មហាម៉ាស់ ដែលអ៊ីរ៉ង់គាំទ្រ មិនចង់ចូលតុចរចានោះទេ ។ ដូច្នេះហើយវាជាការពិតថា ពួកយើងមិនអាចពន្លឿនកិច្ចប្រជុំស្វែងរកបទឈប់បាញ់បានឡើយ ។

លោកបន្តថា ប៉ុន្តែវាមិនមែនដោយសារកង្វះខាតកិច្ចខិតខំរបស់សហរដ្ឋអាមេរិក ឬប្រទេសដៃគូរបស់ពួកយើងឡើយ វាដោយសារអង្គការភេរវកម្មដែលអ៊ីរ៉ង់ឧបត្ថម្ភជាច្រើនឆ្នាំមកហើយនោះ បដិសេធន៍មិនព្រមចូលតុចរចា ៕