ភាគអាគ្នេយ៍សហរដ្ឋអាមេរិករងគ្រោះការវាយប្រហារពីព្យុះហេលេន ខណៈអ្នកស្លាប់កើនឡើងដល់ជាង២០០នាក់

មន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៣ ខែតុលាសប្ដាហ៍នេះ ថាមនុស្សជាង២១០នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់បន្ទាប់ពីព្យុះសង្ឃរា ហេលេន (Helene) បានបំផ្លិចបំផ្លាញផ្លូវរបស់វានៅរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក ក្លាយជាព្យុះធ្ងន់ធ្ងរបំផុតទីពីរដែលបានវាយប្រហារដីគោករបស់សហរដ្ឋអាមេរិកក្នុងរយៈពេលជាងកន្លះសតវត្សមកនេះ។

លោកប្រធានាធិបតីអាមេរិក Joe Biden បានចុះត្រួតពិត្យស្ថានភាពជាលើកទីពីរជាប់ៗគ្នារបស់លោកទៅកាន់ភាគអាគ្នេយ៍របស់ប្រទេសនេះ ដើម្បីចូលរួមរំលែកទុក្ខជាមួយប្រជាពលរដ្ឋក្នុងតំបន់ដែលរងគ្រោះមហន្តរាយ ដោយបានបង្កការប៉ះពាល់ខ្លាំងដល់ជីវិតមនុស្សរាប់លាននាក់។

ព្យុះនេះ បាននាំមកនូវទឹកភ្លៀងខ្លាំង ជន់លិចទីក្រុងតូចធំជាច្រើន ធ្វើឱ្យផ្លូវរាប់មិនអស់មិនអាចឆ្លងកាត់បាន កាត់ផ្តាច់ចរន្តអគ្គិសនី និងប្រព័ន្ធសេវាទឹកស្អាត ហើយបានធ្វើឱ្យសហគមន៍នានាមានការតក់ស្លុតយ៉ាងខ្លាំង ។ ការកត់ត្រាតួលេខផ្លូវការដោយសារព័ត៌មាន AFP បញ្ជាក់ពីអ្នកស្លាប់ចំនួន ២១២ នាក់គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅទូទាំងរដ្ឋ North និង South Carolina រដ្ឋ Georgia រដ្ឋ Florida រដ្ឋ Tennessee និង រដ្ឋVirginia ។

គួររម្លឹកថាព្យុះ ហេលេន គឺជាព្យុះសង្ឃរាដ៏មានឥទ្ធិពលបំផុតទី២ ដែលបានវាយប្រហារដីគោកសហរដ្ឋអាមេរិក ចាប់តាំងពីការវាយប្រហាររបស់ព្យុះ Katrina ឆ្នាំ២០០៥ ដែលបានសម្លាប់មនុស្សចំនួន ១.៣៩២នាក់៕