កម្ពុជាមានតម្រូវការកម្លាំងពលកម្មសរុប ៥១ ៧០៥កន្លែងនៅក្នុងវិស័យធំៗចំនួន ៣ រួមមានវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ដែលជាឱកាសសម្រាប់ពលរដ្ឋ និងយុវជន បង្កើនប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ថា វិស័យសំខាន់ៗចំនួន៣ កំពុងត្រូវការកម្លាំងពលកម្មសរុប ៥១ ៧០៥កន្លែងរួមមាន វិស័យឧស្សាហកម្មត្រូវការកម្លាំងពលកម្មចំនួន ៣៩០១៧កន្លែង វិស័យសេវាកម្មត្រូវការកម្លាំងពលកម្មចំនួន ២៨០១កន្លែង និងវិស័យកសិកម្ម ៩៨៨៧កន្លែង ដើម្បីជំរុញឱ្យខ្សែចង្វាក់ផលិតកម្មដំណើរការទៅរលូន។
ក្រសួងការងារបានបន្តថា នៅក្នុងខេត្តចំនួន ៥ដែលមានតម្រូវការកម្លាំងពលកម្មច្រើនជាងគេរួមមាន ខេត្តកំពង់ស្ពឺចំនួនជាង ១១០០០កន្លែង ខេត្តកំពង់ឆ្នាំងជាង ១ម៉ឺនកន្លែង រាជធានីភ្នំពេញជាង ៩ពាន់កន្លែង ខេត្តស្វាយរៀងជាង ៤ពាន់កន្លែង ខេត្តរតនគិរីជាង ៤ពាន់កន្លែង និងខេត្តផ្សេងៗទៀតសរុបជាង ១ម៉ឺនកន្លែង។
ក្នុងនោះ ជំនាញចំនួន ៥ ដែលមានតម្រូវការច្រើនជាងគេមានដូចជា អ្នកបញ្ជាម៉ាស៊ីនដេរមានចំនួនជាង ៣ម៉ឺនកន្លែង កម្មករចំការដំណាំជាង ៩ពាក់កន្លែង កម្មករក្នុងផលិតកម្មជាង ១ពាន់កន្លែង អ្នកត្រួតពិនិត្យដំណើរការផលិតលោហធាតុជាង ១ពាន់កន្លែង អ្នកផលិតស្បែកជើង និងអ្នកធ្វើការដែលពាក់ព័ន្ធនឹងផលិតផលស្បែកជើងជាង ៨០០កន្លែង និងការងារផ្សេងៗទៀតសរុបជាង ៦ពាន់កន្លែង។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបន្ថែមថា ដើម្បីទទួលបាននូវឱកាសការងារ ប្រជាពលរដ្ឋ យុវជន សិស្ស និងនិស្សិត អាចទាក់ទងទៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 1297 ឬ 1286 ឬប្រព័ន្ធតេលេក្រាម និង Cool App លេខ 077 23 23 78៕
Leave a Reply