ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះសង្ឃរា ហេលេន (Helene) បានកើនឡើងជាង២៣០ នាក់ចាប់តាំងពីព្យុះនេះបានបោកបក់នៅភាគអាគ្នេយ៍សហរដ្ឋអាមេរិក ដោយបានបំផ្លិចបំផ្លាញនៅទូទាំងរដ្ឋ Florida រដ្ឋ ចចា(Georgia)រដ្ឋ South Carolina រដ្ឋ North Carolina រដ្ឋ Virginia និងរដ្ឋ Tennessee ។
ព្យុះ Helene បានបោកបក់នៅតំបន់ឆ្នេរ Big Bend នៃរដ្ឋ Florida កាលពីសប្តាហ៍មុនជាព្យុះសង្ឃរាប្រភេទទី៤ ដ៏មានឥទ្ធិពល។
ព្យុះនេះបានក្លាយជាព្យុះសង្ឃរាដ៏គ្រោះថ្នាក់បំផុត ចាប់តាំងពីព្យុះកាទ្រីណា (Katrina) ក្នុងឆ្នាំ ២០០៥ ដែលបានសម្លាប់មនុស្សចំនួន ១.៣៩២នាក់។
ជាងមួយសប្តាហ៍បន្ទាប់ពីព្យុះសង្ឃរា Helene បានវាយប្រហារ អតិថិជនអគ្គិសនីប្រហែល២៧០.០០០នាក់នៅរដ្ឋ North Carolina រដ្ឋ South Carolina និង Georgia នៅតែគ្មានអគ្គិសនីប្រើប្រាស់ នេះបើយោងតាមទិន្នន័យចុងក្រោយដែលចេញផ្សាយដោយគេហទំព័រតាមដានថាមពលរបស់សហរដ្ឋអាមេរិក PowerOutage.us កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។
ខណៈបណ្ដារដ្ឋមួយចំនួនរបស់អាមេរិកនៅតែរងគ្រោះពីព្យុះសង្ឈរា Helene នៅឡើយ ក៏មានការគំរាមកំហែងពីព្យុះសង្ឈរាថ្មីមួយទៀត នោះគឺព្យុះសង្ឈរា មីលតុន (Hurricane Milton) ។ ព្យុះនេះ បានបង្កើនកម្លាំងក្លាយជាព្យុះប្រភេទទី ៥ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះដែរ ដែលបង្កការគំរាមកំហែងភ្លាមៗដល់ឧបទ្វីប យូកាតាន់(Yucatan) របស់ម៉ិកស៊ិក តាមផ្លូវឆ្ពោះទៅរដ្ឋ Florida ជាកន្លែងដែលរដ្ឋនេះបានបញ្ជាឱ្យមានការជម្លៀសមនុស្សយ៉ាងច្រើន៕
Leave a Reply