អតីតប្រធានាធិបតីគណបក្សសាធារណរដ្ឋ លោក Donald Trump បានលើកឡើងកាលពីថ្ងៃពុធ (០៩ តុលា) ថា លោកនឹងមិនជជែកដេញដោលតទល់នឹងអនុប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris ទេ ប៉ុន្មានម៉ោងបន្ទាប់ពីទូរទស្សន៍ Fox News បានអញ្ជើញបេក្ខជនប្រធានាធិបតីទាំងពីររូបឱ្យចូលរួមក្នុងការជជែកដេញដោលលើកទីពីរ ដែលអាចធ្វើទៅបាននៅថ្ងៃទី ២៤ ឬ ២៧ ខែតុលា នេះ។
គួររម្លឹកថា លោក Trump និងលោកស្រី Harris ធ្លាប់បានពិភាក្សាដេញដោលគ្នាលើកដំបូងនៅថ្ងៃទី១០ ខែកញ្ញា។ លោក Trump បាននិយាយថានឹងមិនមានការជជែកដេញដោលទៀតទេមុនការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា ដោយលោកបានបដិសេធការអញ្ជើញកន្លងមកពីទូរទស្សន៍ CNN សម្រាប់ព្រឹត្តិការណ៍នេះម្ដងទៀតក្នុងថ្ងៃទី២៣ ខែតុលា ដែលត្រូវបានទទួលយកដោយលោកស្រី Harris។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ទូរទស្សន៍ Fox បាននិយាយថា ការជជែកដេញដោលលើកទីពីរ “នឹងផ្ដល់ឱកាសថ្មីមួយឱ្យបេក្ខជននីមួយៗថ្លែងបិទបញ្ចប់ការដេញដោលរបស់ខ្លួន”។ លោក Trump បាននិយាយនៅលើវេទិកាសង្គម ទ្រូសសូសល (Truth Social) ថា “នឹងមិនមានការតទល់ជាថ្មីទេ ដូច្នេះពុំមានអ្វីត្រូវជជែកដេញដោលគ្នាឡើយ”។
លោក Trump និងលោកស្រី Harris ប្រឈមមុខដាក់គ្នានៅក្នុងអ្វីដែលការស្ទង់មតិបង្ហាញថាជាការប្រជែងដ៏តឹងតែងសម្រាប់ការបោះឆ្នោតអាមេរិកថ្ងៃទី០៥ ខែវិច្ឆិកា។
លោក Trump បាននិយាយថា “វាយឺតពេលហើយក្នុងការពិភាក្សាដេញដោលម្ដងទៀត”។ នៅក្នុងព្រឹត្តិការណ៍ថ្ងៃទី១០ ខែកញ្ញា លោកស្រី Harris ហាក់មានប្រៀបលើលោក Trump ជាមួយនឹងការវាយប្រហារលើកាយសម្បទា ការរឹតបន្តឹងច្បាប់រំលូតកូន និងបញ្ហាផ្លូវច្បាប់ជាច្រើនរបស់អតីតប្រធានាធិបតីរូបនេះ៕
Leave a Reply