បុគ្គលិកដឹកជញ្ជូនៅប៉េរូ ប៉ះទង្គិចជាមួយនគរបាលក្នុងការតវ៉ាទាមទារសន្តិសុខ

ការតវ៉ារបស់បុគ្គលិកដឹកជញ្ជូន បានឈានដល់អំពើហិង្សាកាលពីថ្ងៃសុក្រ នៅក្នុងប្រទេសប៉េរូ នៅពេលដែលនគរបាលបង្ក្រាបកុបកម្ម បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកទៅលើក្រុមអ្នកតវ៉ា ដែលកំពុងទាមទារវិធានការសន្តិសុខបន្ថែមទៀតពីសភា។

ក្រុមអ្នកតវ៉ា បានចេញធ្វើបាតុកម្មទៅកាន់អគារសភានៅទីក្រុង Lima ដោយអំពាវនាវឱ្យសមាជិកសភាលុបចោលច្បាប់ស្តីពីឧក្រិដ្ឋកម្មរៀបចំទុក និងសេចក្តីស្នើច្បាប់ស្តីពីភេរវកម្មក្នុងទីក្រុង ខណៈក៏ទាមទារការការពារកាន់តែខ្លាំងបន្ថែមទៀតពីអាជ្ញាធរក្នុងពេលមានការជំរិតទារប្រាក់ និងការវាយប្រហារ កើតឡើងជាបន្តបន្ទាប់។

អ្នកជំនាញនិយាយថា ច្បាប់ដ៏ចម្រូងចម្រាសបានធ្វើឱ្យមានភាពស្មុគស្មាញដល់ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មរៀបចំទុក ហើយក្រុមអ្នកតវ៉ាបានច្រានចោលកិច្ចខិតខំប្រឹងប្រែងដើម្បីកែប្រែច្បាប់ក្នុងការចាត់ថ្នាក់ឧក្រិដ្ឋកម្ម ដូចជា ការជំរិតទារប្រាក់ ការចាប់ជំរិត និងឃាតកម្ម ។

នគរបាលបង្ក្រាបកុប្បកម្ម បានប៉ះទង្គិចជាមួយក្រុមបាតុករ ដោយបានប្រើធុងឧស្ម័នបង្ហៀរទឹកភ្នែក ដើម្បីបំបែកហ្វូងមនុស្ស ខណៈបាតុករបានសងសឹកវិញដោយការគប់វត្ថុផ្សេងៗដាក់ទៅលើមន្ត្រី នៅមុខអគារសភា។

បន្ទាប់ពីកូដកម្មរយៈពេល៧២ម៉ោងដែលបានចាប់ផ្តើមតាំងពីថ្ងៃព្រហស្បតិ៍ សហជីពបានសម្រេចចិត្តបន្តការតវ៉ាដោយគ្មានកំណត់ពេល បន្ទាប់ពីកិច្ចពិភាក្សាជាមួយសភា បរាជ័យ។