អ្នកស្រុកបាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានពង្រីកការវាយឆ្មក់របស់ពួកគេទៅកាន់ភាគខាងជើងតំបន់ហ្កាហ្សា ហើយរថក្រោះបានវាយរុញទៅដល់ចុងភាគខាងជើងនៃទីក្រុងហ្កាហ្សា ដោយវាយលុកទីតាំងលំនៅមួយចំនួននៃតំបន់ សេក រ៉ាដវ៉ាន (Sheikh Radwan) បង្ខំឱ្យក្រុមគ្រួសារជាច្រើនចាកចេញពីផ្ទះសម្បែង និងសម្លាប់មនុស្សរាប់សិបនាក់។
ក្រុមគ្រូពេទ្យបាននិយាយថា នៅព្រឹកព្រលឹមថ្ងៃចន្ទ (១៤ តុលា) នេះ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៣នាក់ និងរបួស ៤០នាក់ផ្សេងទៀត នៅជំរំតង់បណ្ដោះអាសន្នរបស់ជនភៀសខ្លួនប៉ាឡេស្ទីន នៅក្នុងមន្ទីរពេទ្យ អាល់-អាកសា (Al-Aqsa) ក្នុងទីក្រុង ដឺ អាល់បាឡា (Deir Al-Balah) ភាគកណ្តាលតំបន់ហ្កាហស្សាស្រ្ទីប ជាទីដែលមនុស្សរាប់លាននាក់កំពុងស្នាក់នៅ។
ក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយនៅល្ងាចថ្ងៃអាទិត្យថា អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៥២នាក់ នៅតំបន់ហ្កាហ្សា រួមទាំងមនុស្សយ៉ាងតិច ២២នាក់ ត្រូវបានសម្លាប់នៅសាលារៀនមួយកន្លែងដែលជាជម្រកសម្រាប់ជនភៀសខ្លួននៅក្នុងជំរំ នូសៃរ៉ាត់ (Nuseirat) ភាគកណ្តាល ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីឆ្នាំមុនឡើងដល់ជាង ៤២.២០០នាក់។
យោធាអ៊ីស្រាអែល និយាយថា ខ្លួនបានវាយប្រហារក្រុមសកម្មប្រយុទ្ធដែលកំពុងប្រតិបត្តិការពីមជ្ឈមណ្ឌលបញ្ជាមួយនៅខាងក្នុងបរិវេណជំរំភៀសខ្លួននោះ ដោយចោទក្រុមហាម៉ាស ថាប្រើប្រាស់កន្លែងស៊ីវិល ដូចជាមន្ទីរពេទ្យ សម្រាប់គោលបំណងយោធា ខណៈក្រុមហាម៉ាស ចោទអ៊ីស្រាអែលវិញថាការទម្លាក់គ្រាប់បែករបស់ខ្លួនទៅលើលំនៅឋានជនស៊ីវិល និងជម្រកជនភៀសខ្លួន គឺមានបំណងបង្ខំអ្នកស្រុកឱ្យចាកចេញពីតំបន់ហ្កាហ្សា ទាល់តែអស់ពីដែនដីនេះ ដោយភាគីទាំងពីរបន្តបដិសេធរៀងខ្លួន៕
Leave a Reply