នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្តេជ្ញាថា នឹងមិនអត់ឱនបានឡើយបន្ទាប់ពីការវាយប្រហារដោយយានដ្រូន របស់ក្រុមហេសបូឡាដ៏បង្ហូរឈាម

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃចន្ទ ទី១៤ ខែតុលា បានប្តេជ្ញាវាយប្រហារក្រុមហេសបូឡាដោយគ្មានប្រណី មួយថ្ងៃបន្ទាប់ពីការវាយប្រហារដ៏បង្ហូរឈាមបំផុតរបស់ក្រុមប្រដាប់អាវុធលីបង់គាំទ្រដោយអ៊ីរ៉ង់លើអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមកាលពីចុងខែកញ្ញាឆ្នាំនេះ។

អ៊ីស្រាអែលបានពង្រីកគោលដៅក្នុងសង្រ្គាមជាមួយក្រុមសកម្មប្រយុទ្ធហេសបូឡា កាលពីថ្ងៃចន្ទដោយបានសម្លាប់មនុស្ស២១នាក់ក្នុងការវាយប្រហារតាមអាកាសនៅភាគខាងជើង ខណៈប្រជាជនអ៊ីស្រាអែលរាប់លាននាក់រត់ទៅកាន់តាមជម្រកបណ្ដោះគេចចេញពីអាវុធដែលបានបាញ់ឆ្លងព្រំដែនរវាងភាគីជម្លោះទាំង២។

ការវាយប្រហារដោយយានដ្រូនរបស់ក្រុមចលនាហេសបូឡា លើមូលដ្ឋានអ៊ីស្រាអែលបានសម្លាប់ទាហាន ៤ នាក់កាលពីថ្ងៃអាទិត្យ ខណៈក្រុមអ្នកជួយសង្គ្រោះស្ម័គ្រចិត្តបាននិយាយថាមនុស្ស៦០នាក់ផ្សេងទៀតបានរងរបួស។

លោក Netanyahu បាននិយាយអំឡុងទៅកាន់មូលដ្ឋានយោធានៅជិតទីក្រុង ប៊ីនីយ៉ាមីណា (Binyamina) ភាគខាងត្បូងទីក្រុងហៃហ្វា (Haifa) ថាយើងនឹងបន្តវាយប្រហារដោយឥតមេត្តាចំពោះក្រុមហេសបូឡា នៅគ្រប់ផ្នែកទាំងអស់នៃប្រទេសលីបង់ រួមទាំងរដ្ឋធានីបេរូត(Beirut)ផងដែរ។

ការវាយប្រហារដោយយានដ្រូនគឺដើម្បីឆ្លើយតបការវាយប្រហាររបស់អ៊ីស្រាអែល រួមទាំងការវាយប្រហារមួយកាលពីសប្តាហ៍មុន ដែលក្រសួងសុខាភិបាលរបស់ប្រទេសលីបង់បាននិយាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២ នាក់នៅកណ្តាលរដ្ឋធានីបេរូត ៕