ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានបំផ្លាញទីស្នាក់ការកណ្តាលសាលាក្រុង ក្នុងទីក្រុងធំមួយនៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្ស១៦នាក់ រួមទាំងអភិបាលក្រុង ក្នុងការវាយប្រហារធំបំផុតលើអគាររដ្ឋរបស់ប្រទេសលីបង់ ចាប់តាំងពីយុទ្ធនាការតាមអាកាសរបស់អ៊ីស្រាអែល ចាប់ផ្តើម។
មន្ត្រីលីបង់ បានថ្កោលទោសការវាយប្រហារនេះ ដែលបានធ្វើឱ្យមនុស្សជាង៥០នាក់ផ្សេងទៀតរងរបួស នៅក្នុងក្រុង Nabatieh ជាទីរួមខេត្ត ដោយនិយាយថា វាជាភស្តុតាងដែលថាយុទ្ធនាការរបស់អ៊ីស្រាអែលប្រឆាំងក្រុមប្រដាប់អាវុធហេសបូឡា កំពុងផ្លាស់ប្តូរទិសដៅទៅរករដ្ឋលីបង់វិញ។
នាយករដ្ឋមន្ត្រីចាំផ្ទះ លោក Najib Mikati បាននិយាយថា អ៊ីស្រាអែល បានកំណត់គោលដៅដោយចេតនាទៅលើកិច្ចប្រជុំរបស់ក្រុមប្រឹក្សាក្រុង ដើម្បីពិភាក្សាអំពីការផ្តល់សេវានានានិងស្ថានភាពសង្គ្រោះរបស់ទីក្រុង ដើម្បីជួយដល់ប្រជាជនភៀសខ្លួនដោយសារតែយុទ្ធនាការរបស់អ៊ីស្រាអែល។
បេសកកម្មរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ (UNIFIL) បាននិយាយថា កងរក្សាសន្តិភាពរបស់ខ្លួន បានឃើញការបាញ់ផ្លោងដោយរថក្រោះរបស់អ៊ីស្រាអែលទៅលើប៉មយាមរបស់ពួកគេនៅជិតក្រុង Kfar Kela ភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃពុធ ដោយបានបំផ្លាញកាំមេរ៉ាចំនួន២គ្រឿង ហើយប៉មយាមបានខូចខាត។
Leave a Reply