[UPDATE] មេដឹកនាំក្រុមហាម៉ាស លោក Sinwar ត្រូវបានសម្លាប់នៅហ្កាហ្សា ខណៈអ៊ីស្រាអែល ប្ដេជ្ញាបន្តសង្រ្គាម

អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៧ តុលា) ថា មេដឹកនាំក្រុមហាម៉ាស លោក យ៉ាយ៉ា ស៊ីនវ៉ា (Yahya Sinwar) ដែលជាមេខ្លោងនៃការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដែលបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល នៅក្នុងតំបន់ហ៊ុនព័ទ្ធប៉ាឡេស្ទីនមួយនេះ។

ការសម្លាប់របស់មេដឹកនាំក្រុមហាម៉ាសរូបនេះគឺជាជោគជ័យដ៏ធំមួយសម្រាប់អ៊ីស្រាអែល និងជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងជម្លោះរយៈពេលមួយឆ្នាំ។ បណ្ដាមេដឹកនាំលោកខាងលិចបាននិយាយថា ការស្លាប់របស់លោក Sinwar បានផ្តល់ឱកាសឱ្យសង្រ្គាមបញ្ចប់ ប៉ុន្តែនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្ដេជ្ញាថានឹងបន្តទៅមុខទៀត។

យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានសម្លាប់លោក ស៊ីនវ៉ា នៅក្នុងប្រតិបត្តិការមួយនៅតំបន់ហ្កាហ្សាស្ទ្រីប ភាគខាងត្បូង កាលពីថ្ងៃពុធ ដោយបន្ថែមថា “បន្ទាប់ពីបញ្ចប់ដំណើរការកំណត់អត្តសញ្ញាណសាកសព គេអាចបញ្ជាក់បានថា លោក Yahya Sinwar ត្រូវបានកម្ចាត់ហើយ”។

មិនមានការអត្ថាធិប្បាយភ្លាមៗពីក្រុមហាម៉ាសទេ ប៉ុន្តែប្រភពនៅក្នុងក្រុមសកម្មប្រយុទ្ធបាននិយាយថា ការចង្អុលបង្ហាញពីតំបន់ហ្កាហ្សា បានឱ្យដឹងថាលោក Sinwar ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការរបស់អ៊ីស្រាអែល។ នៅតំបន់ហ្កាហ្សា ដែលរងការវាយប្រហារដោយកងកម្លាំងអ៊ីស្រាអែល អស់រយៈពេលមួយឆ្នាំមកនេះ អ្នកស្រុកបាននិយាយថា ពួកគេជឿថា សង្រ្គាមនឹងបន្ត ប៉ុន្តែក៏ប្រកាន់ខ្ជាប់នូវក្តីសង្ឃឹមនៃការសម្រេចជោគវាសនាដោយខ្លួនឯង និងការទទួលបានភាពស្ងប់សុខមកវិញ៕