ផ្សែងអ័ព្ទឈ្លក់ បានកើតមានៅក្នុងរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍ ស្របពេលដែលគុណភាពខ្យល់ស្ថិតក្នុងកម្រិតគ្រោះថ្នាក់ ធ្វើឲ្យពលរដ្ឋមានបញ្ហាផ្លូវដង្ហើម ហើយនិងក្រហាយភ្នែក ។
កាលពីដើមសប្តាហ៍នេះ រដ្ឋាភិបាលទីក្រុងញូវដែល្លី បានប្រកាសបម្រាមលើការប្រើប្រាស់ ការផលិត ការស្តុក និងការលក់ផាវនៅក្នុងរដ្ឋធានីប្រទេសឥណ្ឌាមួយនេះ រហូតដល់ថ្ងៃទី ១ ខែមករា ស្របពេលដែលគុណភាពខ្យល់ប្រែជាអន់នៅតាមតំបន់ជាច្រើននៅក្នុងទីក្រុង ។
បម្រាមខាងលើរួមបញ្ចូលទាំងបញ្ជីវិធានការក្រោមផែនការច្បាប់រដូវរងា ដើម្បីរឹតត្បិតប្រភពកង្វក់បរិយាកាស មុនរដូវរងា ។
ក្រុមគោរពបូជារាប់ម៉ឺននាក់នៅក្នុងរដ្ឋធានីដែល្លី នាំគ្នាប្រារព្ធពិធីបុណ្យហិណ្ឌូ Dussehra ដោយពួកគេដុតបដិមាក្រុងរាពណ៍ ព្រះអនុច និងបុត្រា ជាហេតុធ្វើឲ្យគុណភាពខ្យល់កាន់តែអាក្រក់ខ្លាំងបែបនេះ ។
ការធ្វើចរាចរណ៍ ត្រូវបានគេមើលឃើញនៅស្ថានភាពផ្សែងអ័ព្ទ ខណៈប្រាសាទនិមិត្តរូបមួយចំនួនដូចជាប្រាសាទហិណ្ឌូ Akshardham គ្របដណ្តប់ដោយផ្សែងអ័ព្ទ ។
យោងតាមការអះអាងរបស់ក្រុមស្វីស IQAir សន្ទស្សន៍គុណភាពខ្យល់នៅក្នុងរដ្ឋធានីញូវដែល្លី មានកម្រិត ២៦០ ធ្វើឲ្យវាស្ថិតនៅក្នុងកម្រិតគុណភាពខ្យល់គ្មានសុខភាព ។
លោក Ashish Kumar Meena គឺជាពលរដ្ឋមួយរូបរស់នៅក្នុងរដ្ឋធានីញូវដែល្លី និយាយប្រាប់សារព័ត៌មានក្នុងស្រុកថា កង្វក់បរិយាកាស កើនឡើងពី ១ថ្ងៃទៅ ១ថ្ងៃ ស្របពេលរដូវរងាខិតជិតមកដល់ ហើយពិធីបុណ្យហិណ្ឌូ Diwali នឹងធ្វើឲ្យកម្រិតកង្វក់បរិយាកាសកាន់តែអាក្រក់ថែមមួយកម្រិតទោត ។ លោកថា រដ្ឋាភិបាល គួរតែធ្វើអ្វីម្យ៉ាង ចំពោះរឿងមួយនេះ ៕
Leave a Reply