កូរ៉េខាងត្បូងរាយការណ៍ថា បាឡុងផ្ទុកសំរាមជាង៣០០បន្ថែមទៀត ហោះចេញពីកូរ៉េខាងជើង

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍នៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយដកស្រង់សម្ដីយោធាកូរ៉េខាងត្បូងថា កូរ៉េខាងជើងបានបង្ហោះបាឡុងផ្ទុកសំរាមចំនួន ៣១០ បន្ថែមទៀត ចូលក្នុងទឹកដីកូរ៉េខាងត្បូង ទាំងយប់អធ្រាត្រ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បាននិយាយដោយដកស្រង់សម្តីរបស់នាយសេនាធិការចម្រុះរបស់ប្រទេសនេះថា វគ្គចុងក្រោយនៃបាឡុងផ្ទុកកាកសំណល់ដែលបានបញ្ជូនកាលពីល្ងាចថ្ងៃអាទិត្យមានផ្ទុក ដូចជា សំណល់ក្រដាស និងផ្លាស្ទិច ដោយពុំបានរកឃើញសារធាតុពុលណាមួយឡើយ ។

យោធាក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងជើងបានបង្ហោះបាឡុងរាប់រយបន្ថែមទៀតដែលផ្ទុកដោយសំរាមទៅកាន់កូរ៉េខាងត្បូងក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ស្របពេលមានភាពតានតឹងកាន់តែខ្លាំង លើយុទ្ធនាការបង្ហោះបាឡុងនៅតែបន្តរបស់ទីក្រុងព្យុងយ៉ាង។

គិតត្រឹមម៉ោង ១០ ព្រឹក នាយសេនាធិការចម្រុះ (JCS) បាននិយាយថា ខ្លួនបានរកឃើញបាឡុងផ្ទុកកាកសំណល់ប្រហែល ៣៣០ ដែលកូរ៉េខាងជើងបានបង្ហោះតាំងពីថ្ងៃសៅរ៍ ក្នុងនោះជាង ៨០ បានធ្លាក់នៅខាងក្នុងទឹកដីកូរ៉េខាងត្បូង ហើយបាឡុងនៅសល់មួយចំនួនទៀត ទំនងជាមិនទាន់មកទៅដល់ប្រទេសនេះទេ៕