ក្រុងបាត់ដំបងសរសើរប្រជាពលរដ្ឋ វិចខ្ចប់សំរាមបានល្អក្នុងអំឡុងពេលបុណ្យអុំទូក

រដ្ឋបាលក្រុងបាត់ដំបងឱ្យដឹងថាក្នុងអំឡុងពេលពិធីបុណ្យអុំទូកបណ្តែតប្រទីបខេត្តបាត់ដំបងឆ្នាំ២០២៤នេះ ក្រុមអាជីវករ ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិបានបោះចោល,វិចខ្ចប់សំរាមទាំងក្នុងទឹក និងលើគោក ចំនួនជាង១១០តោន បើធៀបនឹងឆ្នាំមុន សំរាមមានតែជាង៦០តោនប៉ុណ្ណោះ។

លោក ណយ ចេកអនុប្រធានការិយាល័យសាធារណៈការដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់ សាធារណៈក្រុងបាត់ដំបងឱ្យដឹងថាបរិមាណសំរាមក្នុងពិធីបុណ្យអុំទូកខេត្តបាត់ដំបងចាប់ពីថ្ងៃទី១៣ដល់១៨ខែតុលាមានចំនួន១១៤តោន ដែលសំរាមភាគច្រើនស្នោ ថង់ និងការវិចខ្ចប់កាកសំណល់ផ្សេងៗរបស់អាជីវករ ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិដែលចូលរួមមកទស្សនា។

លោកបញ្ជាក់ថាសំរាមទាំងនេះក្រុមការងារ ប្រមូលសរុបតាំងពី កន្លែងប្រារព្ធពិធី សងខាងស្ទឹងសង្កែ កន្លែង តាំងពិពណ៌ កន្លែងប្រគុំតន្រ្តី និងក្នុងទឹកស្ទឹងសង្កែជាដើម ។

លោកបញ្ជាក់ថាកាកសំណល់ពិធីបុណ្យអុំទូកឆ្នាំនេះ បើធៀប នឹងពិធីប្រណាំងទូកឆ្នាំមុនមានការកើនឡើង៤៦តោន ការកើនឡើងនេះដោយសារ តែអ្នកចូលរួម ទស្សនាកំសាន្តនិងអ្នកលក់ដូរច្រើនជាងឆ្នាំមុន។

លោកកត់សម្គាល់ឃើញថាថ្វីត្បិតតែសម្រាប់កើនឡើងជិង៥០តោនមែន ប៉ុន្តែការសម្អាត ប្រមូលដឹក ជញ្ជូនប្រើរយៈពេលតែមួយថ្ងៃគឺថ្ងៃទី១៨ជិតរួចទាំងស្រុង បើធៀបនឹងឆ្នាំមុន ប្រមូលរហូតដល់៤ថ្ងៃទើបអស់ ។

ការប្រមូលលឿននេះដោយសារតែ ប្រជាពលរដ្ឋមកទស្សនាមាន ការយល់ដឹងច្រើន និងវិច្ចខ្ចប់បានល្អ មិនសូវ បោះពាសវាលពាសកាលដូចឆ្នាំមុន។

លោក លាង វាសនា អភិបាលក្រុងបាត់ដំបងបានបញ្ជាក់ថាបន្ថែមថាឆ្នាំនេះ ក្រុមហ៊ុនចំនួនពីរក្រោមការគ្រប់គ្រង របស់ក្រុងបានធ្វើការប្រមូលដឹកជញ្ជូនសំរាម មានក្រុមហ៊ុនឌៀបលឹម និងក្រុមហ៊ុនស៊ីនទ្រី។

លោកបន្ថែមថាពិធីប្រណាំងទូកឆ្នាំនេះប្រមូលសំរាមបានលឿនជាងឆ្នាំមុនដោយសារ អាជីវករ និងប្រជាពលរដ្ឋ មានការវិច្ច ខ្ចប់ទុកដាក់សំរាមបានល្អដោយសារពួកគាត់មានការយល់ដឹងច្រើនពីបរិស្ថាន ។ មួយទៀតដោយសារតែ រដ្ឋបាលក្រុងបាត់ដំបមានបទពិសោធន៍ច្រើនឆ្នាំក្នុងការគ្រប់គ្រងសំរាម ទើបឆ្នាំនេះបាន បែងចែកក្រុមការងារគ្រប់គោលដៅចុះណែនាំផ្ទាល់ ដល់ អាជីវករ ប្រជាពលរដ្ឋ នឹងចែកថង់ដល់ពួកគាត់ដើម្បី ឱ្យ វិចខ្ចប់សំរាមបានត្រឹមត្រូវ។

លោកអភិបាលក្រុងបញ្ជាក់ថាតាមគម្រោងរដ្ឋបាលក្រុងត្រៀមធុងសំរាមចល័តតែជាង២០០ប៉ុណ្ណោះ ប៉ុន្តែដោយ សារកំណើនអ្នកទស្សនាច្រើន រដ្ឋបាលក្រុងបានបន្ថែមធុងសំរាមរហូតដល់ជាង៤០០ ពង្រាយនៅគ្រប់កន្លែង សម្រាប់អាជីវករ និងប្រជាពលរដ្ឋទុកដាក់សំរាមនឹងដើម្បីងាយស្រួលប្រមូល។

ទោះបីយ៉ាងណាលោកលាង វាសនាបន្ថែមថា:«នៅតែមានសំរាមរាយប៉ាយខាងក្រៅច្រើន ប៉ុន្តែវាតិចជាងឆ្នាំមុន ៦០ទៅ៧០ភាគរយ ដោយរដ្ឋបាលក្រុងគ្រប់គ្រងបានទាំងក្នុងទឹក និងលើកគោក ដោយមានការសហការពី អង្គការដៃគូរ និងស្ថាប័នពាក់ព័ន្ធ ,និងយុវជនជាដើម»។

បើតាមមន្ទីទេសចរណ៍ខេត្តបាត់ដំបងឱ្យដឹងថា ក្នុងពិធីបុណ្យអុំទូក និងបណ្តែតប្រទីប នៃថ្ងៃចេញព្រះវស្សា នាស្ទឹងសង្កែកណ្តាលក្រុងបាត់ដំបង រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចូលមកលេងកម្សាន្តសរុបចំនួន ជាង១លាន១៧ម៉ឺននាក់ កើនឡើងជាង៧% ធៀបឆ្នាំ២០២៣ មានត្រឹមចំនួន ជាង១លាន៩ម៉ឺននាក់ប៉ុណ្ណោះ៕