សម្តេចធិបតី ផ្ញើសារអបអរសាទរខួបលើកទី៣៣ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរខួបលើកទី ៣៣ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ – ២៣ តុលា ២០២៤ ដោយសម្តេច បានចាត់ទុកថា ថ្ងៃ២៣តុលានេះ គឺបានធ្វើឲ្យប្រទេសជាតិមានការផ្សះផ្សាជាតិឡើងវិញក្រោយមានការ បែកបាក់សាមគ្គីគ្នាអស់រយៈពេលជាយូរមកនោះ។

សម្តេចធិបតី នាយករដ្ឋមន្រ្តីបានថ្លែងថា«មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពូនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ»។

តាមរយៈសំណេរក្នុងឆាណែលតេលេក្រាមក៏ដូចជាបណ្តាញសង្គមហ្វេសបុក សម្តេចធិបតី នាយក រដ្ឋមន្រ្តីនៃកម្ពុជា បានបន្ថែមទៀតថា«សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម»៕