ក្នុងពេលដែលពលរដ្ឋអាមេរិករាប់លាននាក់បានទៅបោះឆ្នោតរួចហើយនោះ យុទ្ធនាការប្រធានាធិបតីរបស់បេក្ខភាពខាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ បានបន្តកាន់តែក្ដៅគគុក ដោយលោកស្រី Kamala Harris នៅថ្ងៃពុធ (២៣ តុលា) ស្វះស្វែងរកការគាំទ្រពីអ្នកបោះឆ្នោតដែលមិនទាន់បានសម្រេចចិត្តនៅក្នុងរដ្ឋប្រទាញប្រទង់ ផិនស៊ីលវេនៀ (Pennsylvania) ខណៈលោក Donald Trump បានសម្រុករកសំឡេងឆ្នោតទូទាំងរដ្ឋ ចចា (Georgia)។
ពលរដ្ឋជិត ២៥លាននាក់ បានទៅបោះឆ្នោតរួចរាល់ហើយ ទាំងតាមរយៈការទៅបោះឆ្នោតដោយផ្ទាល់ ឬដាក់សន្លឹកឆ្នោតតាមប្រអប់សំបុត្រ នេះបើយោងតាមទិន្នន័យតាមដានពីមណ្ឌលសិក្សាការបោះឆ្នោតនៅសាកលវិទ្យាល័យរដ្ឋ ហ្វ្លរីដា (Florida)។ រដ្ឋជាច្រើន រួមទាំងរដ្ឋប្រទាញប្រទង់ដូចជា ណស ខារ៉ូឡាញណា (North Carolina) និង ចចា (Georgia) បានបង្កើតកំណត់ត្រានៅថ្ងៃដំបូងរៀងៗខ្លួនដោយមានអ្នកទៅបោះឆ្នោតមុនថ្ងៃកំណត់យ៉ាងច្រើនបំផុតកាលពីសប្តាហ៍មុន។
តួលេខបោះឆ្នោតមុនថ្ងៃកំណត់ដ៏រឹងមាំនេះបានកើតឡើងខណៈដែលអនុប្រធានាធិបតី លោកស្រី Harris និងលោកអតីតប្រធានាធិបតី Trump បន្តតាមពីក្រោយគ្នាយ៉ាងប្រកៀកប្រកិតក្នុងរដ្ឋប្រទាញប្រទង់ចំនួនប្រាំពីរ ដោយនៅសល់ពេលតិចជាងពីរសប្តាហ៍ប៉ុណ្ណោះរហូតដល់ការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា។
រដ្ឋ Pennsylvania និង Georgia ស្ថិតក្នុងចំណោមរដ្ឋប្រទាញប្រទង់ទាំងនោះដែលនឹងសម្រេចថាអ្នកណាជាអ្នកឈ្នះតំណែងប្រធានាធិបតី ហើយបេក្ខជនទាំងពីរទំនងជាចំណាយពេលភាគច្រើននៃយុទ្ធនាការរបស់ពួកគេទៅកាន់រដ្ឋទាំងពីរនេះ។ នៅក្នុងការស្ទង់មតិថ្នាក់ជាតិចុងក្រោយជាច្រើនបានបង្ហាញថា លោកស្រី Harris បានបន្តនាំមុខលើលោក Trump៕
Leave a Reply