ទូរទស្សន៍រដ្ឋរបស់ប្រទេសអេហ្ស៊ីប អាល់ កាហេរ៉ា ញូវស៍ ធីវី (Al Qahera News TV) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៤ តុលា) ថា គណៈប្រតិភូសន្តិសុខអេហ្ស៊ីប បានជួបជាមួយគណៈប្រតិភូនៃមេដឹកនាំក្រុមហាម៉ាស នៅទីក្រុងគែរ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបន្តការចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សា ឡើងវិញ។
អេហ្ស៊ីប និងកាតា បានដើរតួជាអ្នកសម្រុះសម្រួលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅក្នុងកិច្ចចរចាជាច្រើនខែក្នុងខែសីហា ប៉ុន្តែពុំសម្រេចបានកិច្ចព្រមព្រៀងបញ្ចប់ការប្រយុទ្ធ ដែលបានចាប់ផ្តើមនៅពេលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បើកការវាយប្រហារលើអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។
ទូរទស្សន៍ អាល់ អាកសា ធីវី (Al Aqsa TV) ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយនៅល្ងាចថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពថា គណៈប្រតិភូហាម៉ាស ដែលដឹកនាំដោយប្រធានអ្នកចរចា និងអនុប្រធានក្រុមហាម៉ាស នៅហ្កាហ្សា លោក ខាលី អាល់ ហាយ៉ា (Khalil Al-Hayya) បានទៅដល់ទីក្រុងគែរ ដើម្បីជួបជាមួយប្រធានទីភ្នាក់ងារស៊ើបការណ៍ទូទៅ លោក ហាសាន ម៉ាសឃ្មូដ រ៉ាស្ហាដ (Hassan Mahmoud Rashad)។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្វាគមន៍ចំពោះឆន្ទៈរបស់អេហ្ស៊ីប ក្នុងការជំរុញកិច្ចព្រមព្រៀងមួយសម្រាប់ការដោះលែងចំណាប់ថ្នូរនៅតំបន់ហ្កាហ្សាស្ទ្រីប។ ជាមួយគ្នានេះ ប្រមុខការទូតរបស់កាតា និងអាមេរិក ក៏បាននិយាយថា អ្នកចរចារបស់ទីក្រុងវ៉ាស៊ីនតោន និងអ៊ីស្រាអែល នឹងប្រមូលផ្តុំគ្នានៅទីក្រុងដូហា នៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីព្យាយាមចាប់ផ្តើមកិច្ចចរចាឡើងវិញ ឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរហ្កាហ្សា៕
Leave a Reply