បុរស ៣នាក់ បានបាត់បង់ជីវិត បន្ទាប់ពីយន្តហោះធុនស្រាល ២គ្រឿង បានបុកគ្នា នៅកណ្តាលអាកាស ហើយបានធ្លាក់ចូលទៅក្នុងតំបន់ព្រៃមួយ នៅភាគនិរតីនៃទីក្រុងស៊ីដនី នាថ្ងៃសៅរ៍ (២៦ តុលា) នេះ។
បុគ្គលិកនគរបាល ភ្នាក់ងារពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះរបស់អូស្ត្រាលី បានទៅដល់កន្លែងនៃបំណែកយន្តហោះទាំង២ ដែលមានទីតាំងនៅតំបន់ព្រៃចម្ងាយប្រមាណជា ៨៨គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងស៊ីដនី ដោយថ្មើរជើង។ យន្តហោះ ១គ្រឿង បានផ្ទុះឆេះដោយសារការធ្លាក់ប៉ះទង្គិចខ្លាំង។
ស្នងការនគរបាលស្ដីទីប្រចាំរដ្ឋ New South Wales លោក Timothy Calman បានបញ្ជាក់ថា យន្តហោះប្រភេទ Cessna 182 ដឹកមនុស្ស ២នាក់ បានបុកជាមួយយន្តហោះធុនស្រាល ដែលហោះចេញពីអាកាសយានដ្ឋានក្បែរនោះ ដែលដឹកមនុស្សម្នាក់។
ព័ត៌មានលម្អិតបន្ថែមពីជនរងគ្រោះ មិនត្រូវបានគេបង្ហើបឲ្យដឹងនោះឡើយ។ ការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលីនឹងស៊ើបអង្កេតឧបទ្ទវហេតុនេះ៕
Leave a Reply