[UPDATE] ព្យុះ Trami វាយប្រហារវៀតណាមបង្កហានីភ័យនៃទឹកជំនន់ ខណៈចំនួនអ្នកស្លាប់នៅហ្វីលីពីនឡើងដល់ជាង១០០នាក់

ព្យុះ Trami បានវាយប្រហារប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យ ២៧តុលា បង្កហានីភ័យនៃទឹកជំនន់ដ៏គ្រោះថ្នាក់ ដោយសារភ្លៀងធ្លាក់ខ្លាំង ក្រោយការបំផ្លិចបំផ្លាញនៅហ្វីលីពីន។

កម្លាំងខ្យល់បក់បោកក្នុងល្បឿនពី១៥ទៅ១៨ម៉ែត្រ ក្នុងមួយវិនាទី ត្រូវបានកត់ត្រា ខណៈព្យុះនេះបានវាយប្រហារភាគកណ្ដាលវៀតណាម។

ចំណែកក្រុមអ្នកជួយសង្គ្រោះក្នុងប្រទេសហ្វីលីពីន បានស្វែងរកនៅបឹងមួយកន្លែង និងបានរុករកនៅភូមិដាច់ស្រយាលនានាដើម្បីតាមរកអ្នកបាត់ខ្លួនរាប់សិបនាក់ ខណៈចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិក Trami បានកើនឡើងដល់១១០ នាក់។

យោងតាមទីភ្នាក់ងារគ្រោះមហន្តរាយជាតិបានឱ្យដឹងថា ព្យុះ Trami បានបោកបក់ចូលប្រទេសហ្វីលីពីនកាលពីថ្ងៃទី ២៤ ខែតុលា ដោយបង្ខំឱ្យមនុស្សជាងកន្លះលាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈមនុស្សយ៉ាងហោចណាស់៤២នាក់នៅតែបាត់ខ្លួនបន្ទាប់ពីព្យុះនេះ។

ទីភ្នាក់ងារនេះបានប្រកាសថាមនុស្សយ៉ាងហោចណាស់១១០ នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ ទោះពុំមានខេត្តណាមួយបញ្ជាក់ពីចំនួនអ្នកស្លាប់សរុបក៏ដោយ។

Trami គឺជាព្យុះដ៏សាហាវបំផុតដែលបានវាយប្រហារប្រទេសអាស៊ីអាគ្នេយ៍មួយនេះ រហូតមកដល់ពេលនេះ ជាពិសេសការឆក់យកជីវិតមនុស្សកាន់តែច្រើន ។

លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos បានប្តេជ្ញាថាជំនួយកំពុងដំណើរការសម្រាប់អ្នកស្រុកនៃខេត្ត ខាម៉ារីនណេស សួរ (Camarines Sur) ស្ថិតតំបន់ Bicol ដែលរងគ្រោះខ្លាំងបំផុត៕