ប្រទេសហ្វីលីពីន បានបង្កើនការប្រកាសអាសន្នអាកាសធាតុនៅថ្ងៃចន្ទ (២៨ តុលា) នេះសម្រាប់ព្យុះថ្មីមួយទៀត ខណៈព្យុះដ៏អាក្រក់បំផុតប្រចាំឆ្នាំឈ្មោះថា ត្រាមី (Trami) ទើបតែបានសម្លាប់មនុស្សជាង ១០០ នាក់។
មនុស្សជិត ១លាននាក់ នៅតែបន្តស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀស ឬជាមួយសាច់ញាតិ បន្ទាប់ពីបាត់បង់ផ្ទះសម្បែង ឬត្រូវបង្ខំចិត្តជម្លៀសខ្លួនដោយសារទឹកជំនន់ដែលនាំមកដោយព្យុះត្រូពិក Trami ដ៏ធ្ងន់ធ្ងរដែលបានវាយប្រហារចាប់ពីថ្ងៃទី២២ ខែតុលា។
ឥឡូវនេះ ទីភ្នាក់ងារអាកាសធាតុជាតិនិយាយថា ព្យុះត្រូពិក កង្រី (Kong-rey) នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្រ្តាក់លើដីគោកនៅប៉ុន្មានម៉ោងខាងមុខ ហើយបណ្តាលឱ្យមានរលកសមុទ្រធំៗនៅឆ្នេរភាគខាងកើត។ សេវាអាកាសធាតុបាននិយាយនៅក្នុងព្រឹត្តិបត្រអាកាសធាតុមួយថា ព្យុះ Kong-rey នឹងពង្រឹងទៅជាព្យុះទីហ្វុងនៅថ្ងៃអង្គារ (២៩ តុលា) ស្អែកនេះ ហើយឆ្លងកាត់ជិតប្រជុំកោះតូចៗរបស់ហ្វីលីពីន នៅភាគខាងជើងនៅព្រឹកថ្ងៃពុធ (៣០ តុលា)។
កម្រិតទាបបំផុតនៃការប្រកាសអាសន្នព្យុះ ៥កម្រិត នៅតែដំណើរការនៅតំបន់ឆ្នេរភាគឦសានរបស់ប្រទេស។ ជាមួយគ្នានេះ គេរំពឹងថា ព្យុះ Kong-rey ក៏នឹងវាយលុកចូលកោះតៃវ៉ាន់ ដោយកម្លាំងព្យុះទីហ្វុងនៅដើមថ្ងៃទី០១ ខែវិច្ឆិកា។
គួរបញ្ជាក់ថា ព្យុះធម្មតា និងព្យុះទីហ្វុងធំៗប្រហែល២០ បានបោកបក់លើប្រទេសហ្វីលីពីន ឬតំបន់ដែនទឹកជុំវិញនោះជារៀងរាល់ឆ្នាំ ដោយបង្កការបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ និងបានសម្លាប់មនុស្សរាប់សិបនាក់៕
Leave a Reply