អាជ្ញាធរស្រុកឯកភ្នំ មន្រ្តីជលផលនិងសហគមន៍នេសាទជាង១០នាក់ ប្រើប្រាស់កាណូត៥គ្រឿងបានបន្តធ្វើប្រតិបត្តិការ បង្រ្កាបបទល្មើសនេសាទ ចំនួន៤ទីតាំង ក្នុងភូមិសាស្រ្តស្រុកឯកភ្នំខេត្តបាត់ដំបង នឹងធ្វើការកាប់បំផ្លាញ ឧបករណ៍នេសាទនិងព្រលែងកូនត្រីជាច្រើនគីឡូចូលទន្លេវិញកាលពីថ្ងៃទី២៨ខែតុលា។
លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបានឱ្យដឹងថាទីតាំងទាំងបួនកន្លែងដែល កម្លាំងអាជ្ញាធរនិងមន្រ្តី ជំនាញបង្រ្កាបខាងលើនេះស្ថិតនៅចំណុចខាងលិចកន្ត្រៃ ខាងត្បូងរហាល ឃុំព្រៃចាស់ និងចំណុចទ្រុងក្រពើ បឹងធំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានរុះរើកាប់បំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ទាំងបួនទីតាំង។
របាយការណ៍របស់នាយខណ្ឌជលផលបញ្ជាក់ថា សកម្មភាពនិងលទ្ធផល បានកាប់បំផ្លាញចោលឧបករណ៍ នេសាទល្មើសច្បាប់ទាំងនោះរួមមានសាច់មង : ១៦០០ម៉ែត្រ សាច់ស្បៃមុង: ៧៥០ម៉ែត្របង្គោល:៤៣០ដើម ឡុកចាប់ត្រី: ០៦គ្រឿង លូស្បៃមុង: ១៥មាត់ និងត្រីចម្រុះ ៣០គីឡូក្រាម ។
សូមរំលឹកថា កាលពីប៉ុន្មានថ្ងៃមុននេះអាជ្ញាធរស្រុកឯកភ្នំ ស្រុកសង្កែ សហការជាមួយនាយខ័ណ្ឌជលផល សហគមនិងកម្លាំង នគបាលបានចុះធ្វើការបង្ក្រាបបទល្មើសនេសាទជាច្រើនទីតាំងបន្តបន្ទាប់ក្រោយពេលទទួលបានសេចក្តីរាយការណ៍ពីក្រុមអ្នកសារព័ត៌មាន និងអ្នកស្រលាញ់ធនធានធម្មជាតិដែល ចុះទៅថតផ្តិតយករូបភាពបង្ហោះលើបណ្តាញសង្គម។
លោកឧត្តមសេនីយទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគបាលខេត្តបាត់ដំបងបានបញ្ជាក់ថាកម្លាំងសមត្ថកិច្ច នគបាលនៅតែបន្តសហការចូលរួមអប់រំ និងបង្រ្កាបបទល្មើសដូចភ្លៀងរលឹម និងស្នើឱ្យប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានបន្តសហការ រាយការណ៍នៅពេលដែលឃើញបទល្មើស បន្តទៀត ដើម្បីកម្លាំងជំនាញចុះធ្វើការបង្រ្កាប ៕
Leave a Reply